ជនជាតិថៃ និងឥណ្ឌូនេស៊ីជាង៦០នាក់ ត្រូវអាជ្ញាធរខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសOnline scams
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យ២ទីតាំង នៅក្នុងភូមិសាស្ដ្រ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយរកឃើញសម្ភារមួយចំនួន ពាក់ព័ន្ធការប្រព្រឹត្ដបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឃាត់ខ្លួនជនសង្ស័យជាជនជាតិបរទេស៦៣នាក់ក្នុងនោះ មានជនជាតិថៃ និងឥណ្ឌូនេស៊ី។

ក្រោមការបញ្ជានិងដឹកនាំផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង ប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួន២កន្លែង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនបរទេស៦៣នាក់ ស្រី២២នាក់ ២សញ្ជាតិ ថៃ៥១នាក់ស្រី២១នាក់ និងឥណ្ឌូនេស៊ី១២នាក់ស្រី១នាក់ ដូចខាងក្រោម៖



ទីតាំងទី១ (លី ឡុង) អគារកម្ពស់៤ជាន់ ៤៣បន្ទប់ រកឃើញសម្ភារសង្ស័យមួយចំនួន បានដកហូតរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត និងរកឃើញជនជាតិថៃ ចំនួន៥១នាក់ ស្រី២១នាក់ បញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត ៤៩នាក់ ស្រី១៩នាក់ និងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង២នាក់ស្រី និងបិទទិតាំងជាបណ្ដោះអាសន្ន និង ទីតាំងទី២ (ធ ចាន់ធា) ផ្ទះកម្ពស់២ជាន់ ២៣បន្ទប់ រកឃើញសម្ភារសង្ស័យមួយចំនួន។


ក្រោយប្រតិបត្តិការអាជ្ញាធរខេត្តបានបញ្ជូន ជនជាតិឥណ្ឌូនេស៊ី១២នាក់ស្រី១នាក់ ទៅមណ្ឌលកងវ៉ាខេត្ត នោងសម្ភារពាក់ព័ន្ធដកហូតរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដោយឡែកទីតាំងខាងលើត្រូវបានបិទជាបណ្ដោះអាសន្ន៕
