ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីដាក់ឧបករណ៍ឆក់សត្វ បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅស្រុកចិត្របុរី
ក្រចេះ៖ កម្លាំងនគរបាលខេត្តក្រចេះ បានស្រាវជ្រាវរយៈពេលត្រឹមតែ២ថ្ងៃ រហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីដាក់ឧបករណ៍ប្រើចរន្តអគ្គិសនីឆក់សត្វ បណ្ដាលឱ្យបុរសម្នាក់ដើរឆ្លុះសត្វប៉ះឧបករណ៍ និងឆក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចអូរភ្លង ស្ថិតក្នុងភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ ជនរងគ្រោះឈ្មោះ សុន ភាស់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
យោងតាមសមត្ថកិច្ច នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយទទួលបានព័ត៌មានអំពីករណីនេះ លោកវរសេនីយ៍ឯក ប៊ុត នឿន អធិការនគរបាលស្រុកចិត្របុរី បានដឹកនាំកម្លាំងសហការជាមួយការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីថ្ងៃទី២០ ខែកញ្ញា។
ជនសង្ស័យទាំង២នាក់ រួមមាន ឈ្មោះ នុត ឃីម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី និងឈ្មោះ យិន សំណាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅចំណុចសុខសាន្ត ភូមិចម្រើន ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការស្រាវជ្រាវនេះ កម្លាំងជំនាញបានកំណត់មុខសញ្ញាពាក់ព័ន្ធសរុបចំនួន៤នាក់ ក្នុងនោះ២នាក់ត្រូវបានឃាត់ខ្លួន ខណៈ២នាក់ទៀតកំពុងគេចខ្លួន ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងស្វែងរក។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕

