កម្ពុជា នឹងប្រើស្ដាតមរតកតេជោ សម្រាប់ ២ប្រកួតនៃជើងឯកអាស៊ាន ខណៈ ២ប្រកួតទៀត ត្រូវលេងក្រៅដី
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានប្រកាសនឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ជាទីលានសម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ (ASEAN Hyundai Cup) ឆ្នាំ២០២៦ ដែលក្រុមជម្រើសជាតិកម្ពុជា ត្រូវលេងក្នុងទឹកដី ២ប្រកួត និងក្រៅដី ២ប្រកួតក្នុងពូលA នៃព្រឹត្តិការណ៍ថ្នាក់តំបន់នេះ។
នៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ប្រចាំតំបន់ ២ឆ្នាំម្ដងនេះដែរ ឆ្នាំនេះក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ដែលឡើងមកពីវគ្គជម្រុះ គ្រាដែលពូល B មាន ៥ក្រុមដូចគ្នា គឺមានក្រុមជម្រើសជាតិម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។
សម្រាប់កម្មវិធីប្រកួតពូល A របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងចំណោម ៤ប្រកួត គឺមាន ២ប្រកួតត្រូវលេងនៅពហុកីឡដ្ឋានជាតិមរតកតេជោ និង ២ប្រកួតទៀត ត្រូវលេងក្រៅដី។ ចំពោះការប្រកួតក្នុងដីរបស់ក្រុមគោព្រៃ រួមមានជួបក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី២៤ ខែកក្កដា និងជួបក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី០៣ ខែសីហា។ រីឯ ២ប្រកួតក្រៅដី គឺត្រូវជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២៧ ខែកក្កដា និងជួបក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី០៧ ខែសីហាខាងមុខ។
ទន្ទឹមជាមួយខួប ៣០ឆ្នាំនៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ មុនចាប់ផ្ដើមការប្រកួតរដូវកាលថ្មី រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិសិង្ហបុរី សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ក៏គ្រោងនឹងមានរៀបចំពិធីបើកការប្រកួតផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីអបអរសាទរការបង្កើតពានរង្វាន់បាល់ទាត់ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ ក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមកផងដែរ។
សួមបញ្ជាក់ថា ការប្រកួតពានរង្វាន់ ASEAN Hyundai Cup ឆ្នាំនេះ នឹងប្រើរូបមន្ដដូចឆ្នាំមុនដែរ ក្រោយបញ្ចប់វគ្គចែកពូល ក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវប្រកួតខ្វែងពូល ដើម្បីស្វែងរកក្រុមឈ្នះបន្ដទៅវគ្គផ្ដាច់ព្រ័ត្រ។ ទាំងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើការប្រកួត ២ជើងដូចគ្នា ដើម្បីកំណត់តក្រុមជយលាភី៕

