កម្ពុជា ជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដណ្ដើមលេខ៣ ពានយុវជន U19 អាស៊ាន ល្ងាចនេះ

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ U19 ឥណ្ឌូនេស៊ី នាវេលាម៉ោង ៤ល្ងាចថ្ងៃទី១៣ ខែមិថុនានេះ នៅកីឡដ្ឋាន North Sumatra ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ នៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boys’ Championship) ឆ្នាំ២០២៦។

ការជួបគ្នានៅវគ្គដណ្ដើមចំណាត់ថ្នាក់លេខ៣ នេះ បន្ទាប់ពីក្រុមទាំងពីរបានរងបរាជ័យនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។

ក្រឡេកទៅមើលប្រវត្តិជួបគ្នាក្នុងពាននេះវិញ នេះជាលើកទី២ ដែលកម្ពុជា និងឥណ្ឌូនេស៊ីប៉ះគ្នាក្នុងព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំតំបន់ ដ្បិតជួបគ្នា ៣លើកកន្លងមក កម្ពុជាមិនធ្លាប់ឈ្នះ ឬស្មើឥណ្ឌូនេស៊ីឡើយ។

ទោះបីខកខានឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ តែការបោះជំហានមកដល់វគ្គ ៤ក្រុមចុងក្រោយនេះ គឺជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីសម្រាប់ក្រុមគោព្រៃជំទង់កម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Yasuhiro Yoshida ហើយការប្រកួតដណ្ដើមលេខ៣ ថ្ងៃនេះ ក៏ជាឱកាសបន្ថែមនូវកំណត់ត្រាថ្មីដ៏អស្ចារ្យមួយទៀត បើសិនក្រុម U19 កម្ពុជា ទទួលបានជោគជ័យ។

ក្រោយបញ្ចប់ការប្រកួតនេះ ក៏នឹងមានការប្រកួតដណ្ដើមជើងឯក រវាងក្រុមជម្រើសជាតិ U19 អូស្ដ្រាលី និងក្រុមយុវជន U19 ថៃ នៅរាត្រីថ្ងៃដដែលនេះដែរ៕

 

អត្ថបទដែលជាប់ទាក់ទង