កម្ពុជា នឹងបញ្ជូនអត្តពលិក ៤រូបចូលរួមប្រកួតតេក្វាន់ដូ WT ជើងឯកអាស៊ី និងប្រជែងកៅអី Asian Games សប្ដាហ៍ក្រោយ

(ភ្នំពេញ)៖ ខេមរៈសហព័ន្ធកីឡាតេក្វាន់ដូ WT ត្រៀមបញ្ជូនកីឡាករ-កីឡាការិនី ៤នាក់ ចូលរួមការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកអាស៊ី លើកទី១៧ (Asian Taekwondo Championships) ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី នាសប្ដាហ៍ក្រោយ ចាប់ពីថ្ងៃទី១៩-២៦ ខែឧសភាខាងមុខ ហើយក៏ជាវេទិកាដ៏សំខាន់ សម្រាប់អត្តពលិកកម្ពុជា ដើម្បីប្រជែងកៅអីទៅប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ នៅប្រទេសជប៉ុននាចុងឆ្នាំនេះដែរ។

សម្រាប់បេសកកម្មដឹកនាំដោយគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក ឆយ យ៉ុងសុក ខាងលើ កីឡាករ-កីឡាការិនី ដែលត្រៀមចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះ រួមមានកីឡាករ សំ យូដេត ត្រូវប្រកួតវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥៨គីឡូក្រាម, កីឡាករ វ៉ា មិថុនា ប្រកួតវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៨០គីឡូក្រាម, កីឡាការិនី គ្រី លីដែន ប្រកួតវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៤៩គីឡូក្រាម និងកីឡាការិនី ម៉ម ជូលី ប្រកួតវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥៧គីឡូក្រាម។

សូមរំឮកថា កម្ពុជាបានត្រៀមកីឡា ១១ប្រភេទប៉ុណ្ណោះ ដើម្បីចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ នៅជប៉ុន ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ក្នុងនោះក៏មានកីឡាតេក្វាន់ដូ WT មួយដែរ តែត្រូវឆ្លងកាត់ប្រកួតជម្រុះជាមុនសិន។

រីឯកីឡា ១០ប្រភេទ ដែលកម្ពុជាបានត្រៀមផ្សេងទៀត រួមមានកីឡាហែលទឹក អត្តពលកម្ម ប្រដាល់សកល ជឺជីតស៊ូ យូដូ ការ៉ាតេ តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង ចំបាប់ កីឡាអេឡិចត្រូនិក និងបាល់ទាត់លើតុ៕

អត្ថបទដែលជាប់ទាក់ទង