មន្ត្រីក្រសួងបរិស្ថាន រកឃើញសត្វព្រៃកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ១០ប្រភេទ នៅក្នុងតំបន់ការពារធនធានធម្មជាតិកម្ពុជា

(តំបន់ការពារធម្មជាតិ)៖ រយៈពេល ៣ខែ ពីដើមខែមេសា ឆ្នាំ២០២៦ ដល់ចុងខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសរបស់គម្រោង និងក្រុមការងារចប្ចេកទេសរបស់នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានរកឃើញវត្តមានប្រភេទសត្វព្រៃមានដោយកម្រ, ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ, ប្រភេទទទួលរងគ្រោះថ្នាក់ជិតទទួលរងគ្រោះថ្នាក់ចំនួន ១០ប្រភេទ នៅក្នុងតំបន់ការពារធនធានធម្មជាតិកម្ពុជា។

សត្វព្រៃទាំងនោះរួមមាន៖ ដំរីអាស៊ី (ឈ្មោះអង់គ្លេស៖ Asian Elephant ឈ្មោះវិទ្យាសាស្រ្ត៖ Elephas maximus) ខ្ទីង (ឈ្មោះអង់គ្លេស៖ Gaur ឈ្មោះវិទ្យាសាស្រ្ត៖ Bos gaurus) ប្រើសស្បូវ (ឈ្មោះអង់គ្លេស៖ Sambar ឈ្មោះវិទ្យាសាស្រ្ត៖Rusa unicolor) កែះ (ឈ្មោះអង់គ្លេស៖ Southern Serow ឈ្មោះវិទ្យាសាស្រ្ត៖ Capicornis milneedwardsis) ខ្លាឃ្មុំតូច (ឈ្មោះអង់គ្លេស៖ Sun Bear ឈ្មោះវិទ្យាសាស្រ្ត៖ Helarctos malayanus) ខ្លាឃ្មុំធំ (ឈ្មោះអង់គ្លេស៖ Asiatic Black Bear ឈ្មោះវិទ្យាសាស្រ្ត៖ Ursus thibetanus) ឆ្កែព្រៃ (ឈ្មោះអង់គ្លេស៖ Dhole ឈ្មោះវិទ្យាសាស្រ្ត៖ Cuon alpinus) ជ្រូកពោន ឬជ្រូកព្រុល (ឈ្មោះអង់គ្លេស៖ Hog Badger ឈ្មោះវិទ្យាសាស្រ្ត៖ Arctonyx collaris) សំពោចកលឿង (ឈ្មោះអង់គ្លេស៖ Yellow-throated Marten ឈ្មោះវិទ្យាសាស្រ្ត៖ Martes flavigula) និងស្វាត្រោស (ឈ្មោះអង់គ្លេស៖ Northern Pig-tailed Macaque ឈ្មោះវិទ្យាសាស្រ្ត៖ Macaca leonina) និងប្រភេទថនិកសត្វ បក្សីមួយចំនួនទៀត មានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។

គួរបញ្ជាក់ផងដែរថា ទីជ្រកសំខាន់ៗ និងទីតាំងមានវត្តមានប្រភេទសត្វទាំងនេះនឹងប្រើប្រាស់ជាទឡ្ហីករណ៍ក្នុងដំណើការនៃការកំណត់ និងបែងចែកតំបន់គ្រប់គ្រង ពិសេសតំបន់អភិរក្ស ក្នុងដែនជ​ម្រកសត្វព្រៃភ្នំសំកុស។

ដំរីអាស៊ី (ឈ្មោះអង់គ្លេស៖ Asian Elephant ឈ្មោះវិទ្យាសាស្រ្ត៖ Elephas maximus)៖ ដំរីអាស៊ីជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត។

វាមានប្រមោយវែង ស្បែកក្រាស់ពណ៌ប្រផេះ និងមានរោមរឹងខ្លីៗ ស្លឹកត្រចៀកមានរាងដូចផ្លិតតែស្តើង។ ដំរីអាស៊ីមានខ្នងស្ទើរាបស្មើ រីឯដំរីអាហ្វ្រិកមានខ្នងកោងជាទួលខ្ពស់ឡើងលើ។ សត្វដំរីរស់នៅតាមព្រៃល្បោះ វាលស្មៅ ព្រៃឬស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។

ចំនួនសត្វដំរីនៅកម្ពុជាមានតិចតួច និងមានជម្រក ស្ថិតនៅភូមិភាគឦសាន និរតី (ជួរភ្នំក្រវាញ) និងភូមិភាគខាងជើង។ បញ្ហាប្រឈម មានដូចជា ការបរបាញ់ដើម្បីយកភ្លុក និងបាត់បង់ទីជម្រក។ ដំរីអាស៊ីស្ថិតក្នុងប្រភេទជិតផុតពូជ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទដែលជិតផុតពូជនៅលើពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង