ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
(តូក្យូ)៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីបំភ្លឺផ្លូវការយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei Asia និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ពាក់ព័ន្ធនឹងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។
ស្ថានទូតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន និងកំពុងបន្តអនុវត្តវិធានការច្បាប់ និងស្ថាប័នយ៉ាងសកម្ម និងប្រកបដោយឆន្ទៈនយោបាយខ្ពស់បំផុត ក្នុងការលុបបំបាត់បទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព។
ជាក់ស្តែង ក្នុងរយៈពេលចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចុះត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៨៣២កន្លែង និងបានបើកប្រតិបត្តិការបង្ក្រាបនៅទីតាំងសរុប ៦៦៣កន្លែង ដោយក្នុងនោះរួមមានការបង្ក្រាបទីតាំងឆបោកផ្ទាល់ចំនួន ៨៦កន្លែង ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ។
តាមរយៈប្រតិបត្តិការយ៉ាងក្តៅគគុកនេះ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងព្រហ្មទណ្ឌចំនួន ៤៥៦ករណី ជាមួយនឹងជនសង្ស័យសរុប ៣,៩២៧នាក់ ទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បន្ថែមពីនេះ អាជ្ញាធរក៏បានបង្កកគណនីធនាគារដែលពាក់ព័ន្ធនឹងសកម្មភាពឆបោក ដោយរឹបអូសទឹកប្រាក់បានរហូតដល់ជាង ៣០០លានដុល្លារអាមេរិក ព្រមទាំងបានចាត់វិធានការតាមបទប្បញ្ញត្តិបិទកាស៊ីណូចំនួន ២៧កន្លែង ត្រូវបានដកហូតនិងព្យួរអាជ្ញាបណ្ណ និងផ្តន្ទាទោសមន្ត្រីសាធារណៈ និងមន្ត្រីអនុវត្តច្បាប់ចំនួន ១៥រូបផងដែរ។
មិនតែប៉ុណ្ណោះ ក្រសួងមហាផ្ទៃបានអនុវត្តវិន័យលើមន្ត្រីនគរបាលចំនួន ៧៧រូប ដែលមានការពាក់ព័ន្ធនឹងករណីឆបោកអនឡាញ ដោយបញ្ជាក់យ៉ាងច្បាស់អំពីភាពស្អាតស្អំ និងតម្លាភាពក្នុងការអនុវត្តច្បាប់។
កម្ពុជាក៏បានបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្លាស់ប្តូរព័ត៌មាន និងការការពារជនរងគ្រោះជាមួយដៃគូក្នុងតំបន់ និងពិភពលោក។
ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានស្នើឱ្យសារព័ត៌មាន និងអង្គការអន្តរជាតិនានា ផ្សព្វផ្សាយព័ត៌មានដោយផ្អែកលើការពិតជាក់ស្តែង ប្រកបដោយតុល្យភាព និងសុភវិនិច្ឆ័យ ដោយទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ និងលទ្ធផលជាផ្លែផ្ការបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិសុខសាធារណៈ របៀបរៀបរយសង្គម និងការលុបបំបាត់បទល្មើសបច្ចេកវិទ្យាឱ្យអស់ពីដែនដី៕



