អ៊ីរ៉ង់ ប្រកាស ត្រៀមច្បាំងជាមួយអាមេរិក ជានិច្ច បើការចរចា បរាជ័យ
ដ្បិតមានកិច្ចព្រមព្រៀងជាមួយគ្នាពិតមែន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ នៅតែសង្កៀតធ្មេញដាក់គ្នា តួយ៉ាងភាគីទាំងពីរ ប៉ះគ្នាប៉ុន្មានសាហើយ ក្រោយការចុះ MoU នៅប្រទេសស្វីស។ យ៉ាងណា ឥឡូវអ៊ីរ៉ង់គំរាមថា ខ្លួនត្រៀមច្បាំងជាមួយអាមេរិក ជានិច្ច ប៉ុន្តែក៏មិនបោះបង់ចោលផ្លូវការទូតដែរ។

ប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានថ្លែងក្នុងបទសម្ភាសមួយ ផ្សាយបន្តដោយសារព័ត៌មាន Daily Sabah នៅថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ ថា ទោះទីក្រុងតេហេរ៉ង់ ចង់ជ្រើសរើសផ្លូវការទូត ជាមួយទីក្រុងវ៉ាស៊ីនតោនក៏ដោយ ប៉ុន្តែប្រសិនបើកិច្ចសន្ទនាបរាជ័យ ខ្លួនក៏មិនខ្លាចនឹងធ្វើសង្គ្រាម ជាមួយអាមេរិក ដែរ។
ទន្ទឹមនោះ លោក Ghalibaf ព្រមានថា ការវាយប្រហាររបស់អាមេរិក នៅឈូងសមុទ្រពែរ្ស នាពេលថ្មីៗ គឺជាការរំលោភលើ MoU ដែលបង្ខំឲ្យអ៊ីរ៉ង់ ត្រូវឆ្លើយតបវិញ ដោយស្របតាមស្ថានភាពជាក់ស្តែង»។

ម្យ៉ាងវិញទៀត លោកសង្កត់ធ្ងន់ថា អ៊ីរ៉ង់ នឹងបន្តអះអាងពីអធិបតេយ្យភាព លើច្រក Hormuz ព្រោះវាជាដែនទឹករបស់ខ្លួន ហើយនឹងមិនអនុញ្ញាត ឲ្យសហរដ្ឋអាមេរិក បង្កើតជម្លោះ ឬការបំភ័ន្តថា អ៊ីរ៉ង់ បានធ្វើឲ្យច្រកនោះ ក្លាយជាតំបន់យោធាឡើយ។
លោកចាត់ទុកច្រក Hormuz ជាឧបករណ៍ នៃអំណាចដ៏អស្ចារ្យបំផុតរបស់អ៊ីរ៉ង់ និងជាអំណោយទាន ដែលព្រះជាម្ចាស់បានប្រទានមកឲ្យអ៊ីរ៉ង់ ក្នុងកំឡុងសង្គ្រាមនេះ។

សូមជម្រាបជាថ្មី សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ដៃគ្នា ធ្វើសង្គ្រាមទ្រង់ទ្រាយធំលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រោមលេសទប់ស្កាត់អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួចឈានដល់ការសម្លាប់មេដឹកនាំកំពូល ព្រមទាំងមេទ័ព និងមន្ត្រីជាន់ខ្ពស់ជាបន្តបន្ទាប់ ក្នុងទីក្រុងតេហេរ៉ង់។
យ៉ាងណា អាមេរិក-អ៊ីរ៉ង់ បានឈានដល់ការចុះ MoU ១៤ ចំណុចជាមួយគ្នា កាលពីពាក់កណ្តាលខែមិថុនា ដើម្បីផ្អាកការប្រយុទ្ធគ្នា ប៉ុន្តែ ស្ថានភាពសន្តិភាពនេះ នៅមានភាពផុយស្រួយខ្លាំងបំផុត៕
