អ៊ីស្រាអែល កោះប្រជុំសន្តិសុខកំពូល ដើម្បីអនុម័តដកទ័ព ពីភាគខាងត្បូងលីបង់
បណ្តាញសារព័ត៌មានអន្តរជាតិជាច្រើន បានចុះផ្សាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គ្រោងចួបគ្នា ក្នុងសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោន។
មុនជំនួបនៃមេដឹកនាំទាំងពីរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានកោះប្រជុំសន្តិសុខកម្រិតខ្ពស់មួយកាលពីថ្ងៃអាទិត្យ ដើម្បីអនុម័តផែនការដកទ័ពងអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្របសម្រួលដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
សារព័ត៌មាន Channel 13 របស់អ៊ីស្រាអែល បានឱ្យដឹងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ថា មន្ត្រីយោធាជាន់ខ្ពស់និងសន្តិសុខបានចូលរួមកិច្ចប្រជុំ ផ្តោតលើការកំណត់តំបន់ដែលរួមបញ្ចូល ក្នុងដំណាក់កាលដកទ័ពដំបូង និងយន្តការសម្រាប់អនុវត្តចលនានេះ ដោយសម្របសម្រួលជាមួយភាគីអន្តរជាតិ ជាពិសេសអាមេរិក។

កិច្ចប្រជុំនេះកើតឡើងពេលអ៊ីស្រាអែល និងលីបង់បន្តទំនាក់ទំនងសម្របសម្រួលដោយអាមេរិកលើការរៀបចំនៅនឹងកន្លែង រួមទាំងការកំណត់ តំបន់គ្មានក្រុមហេសបូឡា ដើម្បីការពារការកកិត ឬការគណនាខុស អំឡុងពេលដំណើរការដកទ័ព។
យ៉ាងណា អ៊ីស្រាអែលមិនទាន់ចាប់ផ្តើមដកទ័ពចេញពីតំបន់ដែលបានកំណត់នៅឡើយទេ ដោយភ្ជាប់ចលនានេះទៅនឹងការធានាថាកងទ័ពលីបង់ត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ពង្រាយនិងគ្រប់គ្រងរួមជាមួយនឹងការរៀបចំត្រួតពិនិត្យអន្តរជាតិ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KAN របស់អ៊ីស្រាអែល ការដកទ័ពនេះត្រូវបានគេរំពឹងថានឹងត្រូវបានអនុវត្តបន្តិចម្តងៗនៅក្នុង ដំណាក់កាលសាកល្បង ក្រោយមកអាចត្រូវបានពង្រីក ប្រសិនបើអនុវត្តដោយជោគជ័យ។
មន្ត្រីយោធាអ៊ីស្រាអែល និងលីបង់បានចាប់ផ្តើមកិច្ចពិភាក្សាសម្របសម្រួលដោយអាមេរិក ដើម្បីបង្កើតលក្ខណៈវិនិច្ឆ័យច្បាស់លាស់សម្រាប់តំបន់គ្មានហេសបូឡាដែលបានស្នើឡើង មុនពេលការសាកល្បងដកទ័ពរបស់អ៊ីស្រាអែលចេញពីភូមិពីរនៅភាគខាងត្បូងលីបង់។
ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្របសម្រួលដោយអាមេរិក ចុះហត្ថលេខានៅថ្ងៃទី២៦ ខែមិថុនា អ៊ីស្រាអែលបានយល់ព្រមអនុវត្តការដកទ័ពបន្តិចម្តងៗចេញពីទឹកដីលីបង់ ដោយចាប់ផ្តើមជាមួយនឹងតំបន់សាកល្បងពីរ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមិនបានកំណត់ពេលវេលាសម្រាប់ការដកទ័ពរបស់អ៊ីស្រាអែលពេញលេញនោះទេ ហើយភ្ជាប់ការដាក់ពង្រាយឡើងវិញបន្ថែមទៀតទៅនឹងកងទ័ពលីបង់ដែលទទួលខុសត្រូវសន្តិសុខពេញលេញក្នុងតំបន់ដែលត្រូវជម្លៀសចេញ និងការរំសាយអាវុធរបស់ក្រុមប្រដាប់អាវុធកំពុងប្រតិបត្តិការនៅខាងក្រៅការគ្រប់គ្រងរបស់រដ្ឋ ដោយសំដៅទៅលើក្រុមហេសបូឡា៕