កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាប និងឃាត់ខ្លួនក្មេងទំនើង៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូ
(កំពង់ស្ពឺ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ដែលនិយមចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ បង្កភាពអនាធិបតេយ្យ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១:១០នាទី ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅត្រង់ចំណុចស្ពានចាស់ខាងត្បូងផ្សារកំពង់ស្ពឺ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការអនុវត្តតាមគោលការណ៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ក្មេងទំនើងទាំង ៤នាក់ ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ នឹល គីនីន ភេទប្រុស អាយុ២០ឆ្នាំ, ភឿន ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ, រិទ្ធ ពុទ្ធត្រា ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះ សំណាង វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ ដែលទាំងអស់សុទ្ធតែជាកម្មកររោងចក្រ។ វត្ថុតាងដែលចាប់យកបានរួមមាន ម៉ូតូចំនួន ០៣គ្រឿង, ទូរស័ព្ទចំនួន ០៣គ្រឿង និងប្រាក់រៀលចំនួន ៣៩០ ០០០រៀល។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង ៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះមុខឪពុក ម្តាយ និងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់អ្នកជុំវិញ ជាពិសេសបង្កភាពអនាធិបតេយ្យក្នុងសង្គម។
ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញដកហូតយកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ការបង្ក្រាបនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។
