ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសឱ្យម្ចាស់រថយន្តពាក់ស្លាកលេខកម្ពុជា JJ.Ching ចូលខ្លួនទទួលខុសត្រូវ ករណីបុកមនុស្សស្លាប់
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនចរាចរណ៍ ប្រកាសឱ្យម្ចាស់រថយន្តពាក់ស្លាកលេខ កម្ពុជា JJ.Ching ដែលបានបើកបុកមនុស្សស្លាប់កាលពីយប់មិញ នៅក្នុងខណ្ឌជ្រោយចង្វារ ចូលខ្លួនមកកាន់ស្នងការដ្ឋាន និងមិនត្រូវព្យាយាមគេចវេសឡើយ។
តាមរយៈបណ្ដាញសង្គម Facebook របស់លោកឧត្តមសេនីយ៍ទោ ហេង រតនា បានបង្ហោះនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានសរសេរយ៉ាងដូច្នេះថា «អ្នកបើកឡានចូលមកស្នងការអោយលឿន មកទទួលខុសត្រូវ ហើយមិនបាច់គេចទេចូលមកខ្ញុំចាំ»។
សូមជម្រាបថា រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Rang Rover ពាក់ផ្លាកលេខកម្ពុជា JJ.CHING ដែលជាកម្មសិទ្ធិរបស់ស្ដ្រីអ្នកលក់អនឡាញម្នាក់ឈ្មោះ សៅ លីឈីង (Sao LyChhing) ម្ចាស់ផលិតផលគ្រឿងសំអាង បានបុកជាមួយម៉ូតូមួយគ្រឿង បណ្ដាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗ រួចអ្នកបើករថយន្ដបានព្យាយាមរត់គេចខ្លួន និងដោះផ្លាកលេខយកទៅផ្លុងចោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា រថយន្ដបង្កហេតុខាងលើ គឺជាកម្មសិទ្ធិរបស់ស្ដ្រីម្ចាស់ផលិតផលអនឡាញដែលគេតែងហៅថា J CHING តែគេមិនដឹងថាអ្នកណាជាអ្នកបើក រថយន្ដនោះទេ បានទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពាក់ផ្លាកលេខកែប 1B-6378 បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។ ប៉ុន្ដែអ្នកបើកបររថយន្ដមិនបញ្ឈប់នោះទេ ពោលព្យាយាមបានរត់គេចចេញពីកន្លែងកើតហេតុ និងយករថយន្ដទៅផ្លុងចោល។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីដោះស្រាយតាមច្បាប់ និងស្វែងរកចាប់ខ្លួនអ្នកបើកបររថយន្ដបង្ក។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនស្ដ្រីឈ្មោះ Sao LyChhing បានបង្ហោះសារទទួលស្គាល់ថា រថយន្ដបង្កហេតុជាកម្មសិទ្ធិរបស់ខ្លួនពិតប្រាកដមែន ប៉ុន្ដែមិនបានបញ្ជាក់ថាអ្នកណាជាអ្នកបើករថយន្ដនោះទេ៕














