កម្លាំងនគរបាលខេត្តស្វាយរៀងបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យ ៨នាក់
(ភ្នំពេញ)៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចវីឡាជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ , លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង, លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងខេត្ត ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ស្រី ០៣នាក់ ជាជនជាតិវៀតណាម ព្រមទាំងដកហូតសម្ភារពាក់ព័ន្ធមួយចំនួនដូចជា កុំព្យូទ័រលើតុ ២០គ្រឿង និងទូរស័ព្ទដៃ ០៩គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រីឯទីតាំងប្រព្រឹត្តបទល្មើសត្រូវបានបិទស៊ីលបណ្ដោះអាសន្ន។

