លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ ផ្ទះថ្មី ចំនួន ៣ខ្នង ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានបូជាអាយុជីវិតក្នុងសមរភូមិការពារទឹកដី

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារយោធិនពលី រស់នៅក្នុងទឹកដីខេត្តកណ្តាល។

លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសព។

ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព។

គួរឱ្យដឹងថា  ជាការគិតគូរដល់ស្ថានភាពជីវិតរបស់វីរកងទ័ពរួមទាំងក្រុមគ្រួសារ សម្តេចធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការណែនាំក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការជួយសម្រួលដល់ការផ្ទេរប័ណ្ណកម្មសិទ្ធិដោយមិនគិតកម្រៃសេវា និងការសាងសង់ផ្ទះ ជំរំភៀសសឹក សាលារៀន មន្ទីរពេទ្យសម្រាប់ប្រជាជនភៀសសឹក រួមទាំងក្រុមគ្រួសារវីរកងទ័ព៕

អត្ថបទដែលជាប់ទាក់ទង