អ៊ីស្រាអែល នៅ​បន្តផ្លោងគ្រាប់ដាក់​ហ្គាហ្សា ស្លាប់១៨នាក់ទៀត ទោះ​ហាម៉ាសយល់ព្រមរំសាយអាវុធ​

ស្ថានភាពនៅក្នុងតំបន់ហ្គាហ្សាបន្តតានតឹងយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែល បានកើតឡើងជាបន្តបន្ទាប់រយៈពេលពីរថ្ងៃជាប់គ្នា ដោយបានឆក់យកជីវិតប្រជាជនប៉ាស្ទីនយ៉ាងហោចណាស់ ១៨នាក់។ នេះ​បើយោងតាម​ការចុះផ្សាយរបស់​សារព័ត៌មាន Independent កាលពីថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២៦។

បុរសម្នាក់បីសព​ក្មេងម្នាក់ ដែលស្លាប់​​ក្នុង​ការវាយប្រហាររបស់​អ៊ីស្រាអែល ថ្ងៃទី២ សីហា ២០២៦ 

ការ​វាយ​ប្រហារ​​នេះ បានកើតឡើង បើ​ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីភាពរីកចម្រើនក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់កាលពីឆ្នាំមុន និងការដាក់ចេញនូវផែនការរៀបចំសន្តិភាពក៏ដោយ។ ក្រុមមន្ត្រីសុខាភិបាលប៉ាស្ទីន បានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះចម្បាំងអ៊ីស្រាអែល បានផ្តោតលើតំបន់ជាច្រើន រួមទាំងទីក្រុងហ្គាហ្សាភាគខាងជើង ទីក្រុង Deir al-Balah និងតំបន់ Khan Younis ដែលធ្វើឱ្យតួលេខ​អ្នកស្លាប់ប្រចាំថ្ងៃ​ឡើងខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ថ្វីដ្បិត​មានការប្រកាសពីផែនការសន្តិភាព និងក្តីសង្ឃឹមក្នុងការបញ្ចប់សង្គ្រាមក៏ដោយ ក៏រដ្ឋាភិបាលអ៊ីស្រាអែល បានបង្ហាញពីភាពសង្ស័យយ៉ាងខ្លាំង ចំពោះលទ្ធភាពដែលក្រុមហាម៉ាសយល់ព្រម​ទម្លាក់​អាវុធចុះចាញ់។ រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែល លោក Eli Cohen បានបញ្ជាក់ថា រដ្ឋាភិបាលចង់ឱ្យក្រុមហាម៉ាសរំសាយ និងបោះបង់អាវុធទាំងស្រុងជាមុនសិន មុនពេលរាល់កិច្ចព្រមព្រៀងផ្សេងៗទៀត អាចដំណើរការ​បាន បើមិនដូច្នេះទេ អ៊ីស្រាអែលប្រហែលជាត្រូវបន្តគ្រប់គ្រងតំបន់នេះទាំងស្រុង។

ការវាយប្រហារ​លើក​នេះ​ បានធ្វើឱ្យគ្រួសារជាច្រើនបាត់បង់សមាជិក ដោយ​ក្នុង​ចំណោមនោះ មាន​ទាំងប្តីប្រពន្ធ និងកូនប្រុសអាយុ ៩ឆ្នាំម្នាក់នៅក្នុង​គ្រួសារតែមួយ ខណៈដែលភាគីអ៊ីស្រាអែលអះអាងថា គោលដៅរបស់​ខ្លួន គឺមេបញ្ជាការ និងកងកម្លាំងយោធារបស់ក្រុមហាម៉ាសតែ​ប៉ុណ្ណោះ។

ពាក់ព័ន្ធនឹង​បញ្ហា​នេះ ក្រុមហាម៉ាស បានចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែលថា កំពុងព្យាយាមបំផ្លាញកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងឆ្លៀតឱកាសពង្រីកការគ្រប់គ្រង តាមរយៈ​ការ​បង្កើនការវាយប្រហាររឹតតែ​ខ្លាំងក្លានេះ ទោះបីជាពួកគេបានបង្ហាញពីភាពបត់បែនខ្លះក្នុងកិច្ចចរចាក៏ដោយ។

បច្ចុប្បន្ន ក្រុម​អ្នកសម្របសម្រួលអន្តរជាតិ និងក្រុមប្រឹក្សាសន្តិភាពរបស់លោក ដូណាល់ ត្រាំ កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទាក់ទងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីកាត់បន្ថយភាពតានតឹង និងអនុវត្តផែនការសន្តិភាពពេញលេញ។ ទោះជាយ៉ាងណាក៏ដោយ អនាគតនៃសន្តិភាពនៅក្នុងតំបន់​​ហ្គាហ្សា ត្រូវគេ​មើល​ឃើញ​ថា​នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារតែភាគីទាំងសងខាងនៅតែបន្តប្រទូសរ៉ាយ និងទាមទារលក្ខខណ្ឌរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង