ក្រោយគេចខ្លួន ២ថ្ងៃ! ម្ចាស់រថយន្តដែលបុកម៉ូតូរ៉ឺម៉កបណ្តាលឱ្យស្លាប់ និងរបួស នៅក្រុងតាខ្មៅ បានចូលខ្លួនទទួលខុសត្រូវមុខច្បាប់ហើយ
ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ម្ចាស់រថយន្តបង្ក បានចូលខ្លួនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងបានបញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលហើយ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត បុកជាមួយ ម៉ូតូសណ្ដោងរឺម៉ក បណ្ដាលឲ្យ(ស្លាប់០១នាក់ស្រី) និងរងរបួសស្រាលចំនួន០៤នាក់ (ស្រី០៣នាក់) កើតហេតុកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២៣និង២០នាទី នៅចំណុចខាងមុខហាង១៦៨ លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ថ្មីៗនេះ មានការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត បុកជាមួយ ម៉ូតូសណ្ដោងរឺម៉ក បណ្ដាលឲ្យ(ស្លាប់០១នាក់ស្រី) និងរងរបួសស្រាលចំនួន០៤នាក់ (ស្រី០៣នាក់) កើតហេតុកាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២៣និង២០នាទី នៅចំណុចខាងមុខហាង១៦៨ លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ការខូចខាត ៖ ម៉ូតូសណ្ដោងរឺម៉ក ០១គ្រឿង (ធ្ងន់) និងរថយន្ត ០១គ្រឿង (ធ្ងន់) ម៉ាក MERCEDES BENZ S500 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា JEC.SENG ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការសាកសួរជុំវិញកន្លែងកើតហេតុ ធ្វើកំណត់ហេតុដកហូតមធ្យោបាយពាក់ព័ន្ធមករក្សាទុកនៅអធិការនគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ចំណែករថយន្តបង្ក មិនបានឈប់នៅកន្លែងកើតហេតុទេ បន្តបើកមកដល់មុខកីឡដ្ឋានបាល់ទាត់ខេត្តកណ្តាល រួចចតរថយន្តហើយគេចខ្លួន ។
សមត្ថកិច្ចជំនាញ បញ្ជាក់ថា ចំពោះមូលហេតុបឋមករណីខាងលើ បណ្ដាលមកពីអ្នកបើកបររថយន្ត បើកបរវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យទៅបុកជាមួយម៉ូតូសណ្ដោងរឺម៉ក បើកបរមានទិសដៅផ្ទុយគ្នា និងបានបើករថយន្តគេចចេញពីកន្លែងកើតហេតុ ។
សមត្ថកិច្ចជំនាញ ស្រាវជ្រាវដឹងថា អ្នកបើកបររថយន្តបង្កឈ្មោះ អ៊ឹង ស៊ុនសេង ភេទប្រុស កើតឆ្នាំ១៩៩១ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ១៧អា ផ្លូវ៣២០ ភូមិ៦ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ចំពោះជនខាងលើចូលខ្លួនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងបានបញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះហើយ ៕


