អាជ្ញាធរក្រុងបាវិត ចុះធើ្វរដ្ឋបាលចំហនិងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសOnline scam ឃាត់ជនបរទេស ៩នាក់
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត សហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ៤កន្លែង កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយ លោក រ៉េត រក្សា អភិបាលរងក្រុង និងលោក ម៉ែន អេង អភិបាលរងខេត្ត ដោយមានការសម្របសម្រួលពី លោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង ព្រមទាំងមានការចូលរួមពីកម្លាំងនគរបាល និងកងរាជអាវុធហត្ថបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ០៤កន្លែង (រដ្ឋបាលចំហ ០៣កន្លែង និងទីតាំង Online Scam ០១កន្លែង)។
ជាលទ្ធផលនៃការត្រួតពិនិត្យនៅតាមទីតាំងទាំង ០៤ ក្រុមការងារបានពិនិត្យ និងរកឃើញជនបរទេសសរុបចំនួន ៤៦ នាក់ (ស្រី ១១ នាក់) ដែលរួមមាន ជនជាតិវៀតណាម ៣៧នាក់ (ស្រី ៧ នាក់) និង ជនជាតិចិន ៩ នាក់ (ស្រី ៤ នាក់)។


ក្នុងចំណោមជនបរទេសទាំងអស់នោះ ក្រុមការងារបានរកឃើញជនជាតិវៀតណាមចំនួន ០៩ នាក់ (ស្រី ០១ នាក់) នៅទីតាំងទី៤ ជាប់សង្ស័យពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ទូរស័ព្ទដៃផ្ទាល់ខ្លួន ទូរស័ព្ទដៃចម្រុះ កុំព្យូទ័រយួរដៃ (Laptop) និងស៊ីមកាត។ ដោយឡែក ជនបរទេសផ្សេងទៀតត្រូវបានពិនិត្យឃើញថាមានលិខិតឆ្លងដែន និងការស្នាក់នៅត្រឹមត្រូវ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ចំពោះទីតាំងបន្ទប់ជួលចំនួន ០៥ (បន្ទប់លេខ C1, C2, C3, C5 និង B3) ក្រុមការងារបានសម្រេចបិទជាបណ្តោះអាសន្នដើម្បីបន្តការស្រាវជ្រាវ៕








