តារាសម្ដែង ទ្រី សក្កដា បើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន កិនក្មេងស្រីម្នាក់ស្លាប់ និងម្ដាយរងរបួសធ្ងន់ នៅខណ្ឌសែនសុខ

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានគេស្គាល់ជាតារាសម្ដែងឈ្មោះ ទ្រី សក្កដា បើករថយន្ដមួយគ្រឿងថយកិនក្មេងស្រីម្នាក់ស្លាប់ និងម្ដាយរងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ដំបូងឡើងគេឃើញរថយន្ដមួយគ្រឿង ម៉ាក BYD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CE-4874 បើកបរដោយបុរសម្នាក់ត្រូវបានគេស្គាល់ជាតារាសម្ដែងឈ្មោះ ទ្រី សក្កដា។ ពេលកំពុងបើកបរនោះ ស្រាប់តែរថយន្ដខាងលើឈប់ហើយអ្នកបើកបរបែរជាដេកលង់លក់ទាំងដៃកំពុងកាន់ចង្កូត។

ក្រោយមកសមត្ថកិច្ចដែលនៅក្បែរនោះ បានទៅគោះកញ្ចក់រថយន្ដដើម្បីហៅអ្នកបើកបរ ស្រាប់តែអ្នកបើកបរថយរថយន្ដទៅក្រោយ និងជ្រុលទៅបុករថយន្ដ២គ្រឿង និងកិនម៉ូតូមួយគ្រឿងអូសផ្ទប់ឡើងចិញ្ចើមផ្លូវ បណ្ដាលឲ្យអ្នកជិះម៉ូតូ២នាក់ (ម្ដាយ និងកូន) រងរបួសធ្ងន់។ ជាអកុសលនៅពេលបញ្ជូនទៅមន្ទីរពេទ្យកូនស្រីវ័យ១៣ឆ្នាំ បានបាត់បង់ជីវិតនៅតាមផ្លូវ ខណៈម្ដាយកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។

ភ្លាមៗ អ្នកបើកបររថយន្ដបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងពិនិត្យរកឃើញមានសារធាតុញៀននៅក្នុងខ្លួន។ សមត្ថកិច្ចបានសន្និដ្ឋានជំហ៊ានដំបូងថា អ្នកបើករថយន្ដបង្កខាងលើ ស្ថិតក្នុងឥទ្ធិពលនៃគ្រឿងញៀន ហើយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យជនរងគ្រោះស្លាប់ និងរងរបួសធ្ងន់។

លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់នៅលើ Facebook ថា មេធាវីប្រចាំផែននគរបាលចរាចរណ៍ បានដាក់ពាក្យបណ្ដឹងបន្ថែមដើម្បីការពារក្ដីជូនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង