អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវប្រគល់ជូនកងកម្លាំងជួរមុខនៅកងអន្តរគមន៍លេខ៣២៤ ប្រចាំទិស ខេត្តព្រះវិហារ

(ព្រះវិហារ)៖ លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ បាននាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាទឹកបរិសុទ្ធកម្ពុជា ចំនួន ៣០០០កេស អង្ករចំនួន ១តោន និង ៣០០គីឡូ ទឹកត្រីចំនួន ១០០យួរ និងទឹកសុីអុីវ ចំនួន១០០យួរ ដេីម្បីចែកជូនដល់កងកម្លាំងជួរមុខនៅកងអន្តរគមន៍លេខ៣២៤ ប្រចាំទិស ខេត្តព្រះវិហារ។

ការនាំអំណោយនេះដោយអនុតាមប្រសាសន៍ និងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាតម្រូវការជាក់ស្តែង និងដេីម្បីចូលរួមចំណែកជួយដល់កងកម្លាំងជួរមុខដែលកំពុងឈរជេីងការពារជាតិនៅទិសខេត្តព្រះវិហារ។

ក្នុងឱកាសនោះដែរ លោក កែវ ផុង បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត សួរសុខទុក្ខដល់កងកម្លាំងទាំងអស់ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ដេីម្បីការពារជាតិ និងប្រជាជន។

លោក កែវ ផុង បានបញ្ជាក់ថា សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ជាប្រចាំដល់សុខទក្ខរបស់វីរកងទ័ពទាំងអស់ ជាពិសេសសម្តេចតែងតែណែនាំដល់មន្ត្រីទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ដល់អតីតយុទ្ធជន កងទ័ពជួរមុខ ក្រុមគ្រួសារកងទ័ព ជនភាសសឹក។ល។

លោក កែវ ផុង បានសម្តែងការគោរពដឹងគុណការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពវីរកងទ័ពនិងការលះបង់គ្រប់បែបយ៉ាងដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ជាកិច្ចបញ្ចប់ លោក កែវ ផុង ក៏បានជូនពរឱ្យវីរកងទ័ព និងវីរនគរបាលទាំងអស់ មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិរបស់យើង៕

 

អត្ថបទដែលជាប់ទាក់ទង