ចារកម្មអាមេរិកព្រមានថា រុស្ស៊ី អាចនឹងវាយប្រហារប្រទេសណាតូ នៅប៉ុន្មានសប្តាហ៍ខាងមុខ
ទោះបីជាប្រទេសរុស្ស៊ី កំពុងជាប់ដៃលើសង្រ្គាមជាមួយអ៊ុយក្រែន តែក៏មានការព្រមានពីលោកខាងលិចថា រុស្ស៊ីអាចវាយប្រហារប្រទេសណាតូ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីសាកល្បងការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្ត។ នេះបើយោងតាមការព្រមានរបស់ចារកម្មអាមេរិក និងចុះផ្សាយដោយកាសែត The Telegraph នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២៦ ។
មន្ត្រីអាមេរិកជឿថា រុស្ស៊ីអាចព្យាយាមបង្កើនភាពតានតឹងដោយបង្កើនការឈ្លានពានដីគោក ឬបើកការវាយប្រហារតាមអ៊ីនធឺណិតនៅទូទាំងអឺរ៉ុបខាងកើតពេលណាក៏បាន ចាប់ពីរដូវស្លឹកឈើជ្រុះនេះដល់ ឆ្នាំ២០២៩ ។ នេះបើយោងតាមការចុះផ្សាយរបស់ The Wall Street Journal ។

របាយការណ៍នេះបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងការវាយតម្លៃចារកម្មអាមេរិកពីជំហរមុនរបស់ពួកគេថា លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនវាយប្រហារទេ ខណៈរុស្ស៊ីនៅតែពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន។
កាលពីខែមុន កាសែត The Telegraph រាយការណ៍ថា ចារកម្មអឺរ៉ុប និងអាមេរិកដឹងពីការប៉ាន់ប្រមាណរបស់រុស្ស៊ី ចំពោះការញុះញង់ដោយប្រដាប់អាវុធលើទឹកដីប៉ូឡូញ ការវាយប្រហារដោយមីស៊ីល ដ្រូន ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ឬការវាយប្រហារដោយទង់ជាតិក្លែងក្លាយ ហើយព្យាយាមដាក់កំហុសលើអ៊ុយក្រែន។
ទីក្រុងមូស្គូត្រូវបានគេវាយតម្លៃថា កំពុងរៀបចំផែនការការវាយប្រហារជាជម្រើសមួយ ដើម្បីបង្កើនភាពតានតឹងក្នុងចំណោមសម្ព័ន្ធមិត្តណាតូ និងរារាំងពួកគេពីការបន្តគាំទ្រដល់ទីក្រុងកៀវមុនខួប ៥ឆ្នាំនៃសង្គ្រាម។
របាយការណ៍អំពីការញុះញង់ដែលអាចកើតមាន បានកើតឡើងបន្ទាប់ពីមីស៊ីលរុស្ស៊ីមួយគ្រាប់ហោះចូលប្រទេសប៉ូឡូញ កាលពីសប្តាហ៍មុន ហើយដ្រូនផ្ទុះមួយគ្រឿងត្រូវរកឃើញ នៅអាកាសយានដ្ឋាន Leipzig/Halle ក្នុងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអង្គារ។
អស់រយៈពេលជាច្រើនខែមកហើយ មេដឹកនាំនៃប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិកបានលើកឡើងពីការគំរាមកំហែងកាន់តែខ្លាំងឡើង បង្កឡើងដោយរុស្ស៊ី ចំពោះផ្នែកខាងកើតរបស់ណាតូ។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជាតិលីទុយអានី លោក Robertas Kaunas ព្រមានថា វិមានក្រឹមឡាំងកំពុងមានគម្រោងប្រើប្រាស់ដ្រូនផលិតដោយអ៊ុយក្រែន ដើម្បីវាយប្រហារប្រទេសបាល់ទិក។
លោក Kaunas និយាយថា ទីក្រុងមូស្គូអាចប្រើការវាយប្រហារទង់ជាតិក្លែងក្លាយក្នុងការប៉ុនប៉ងបំបែកអឺរ៉ុប និងធ្វើឱ្យការគាំទ្រសម្រាប់អ៊ុយក្រែនចុះខ្សោយ។
ចារកម្មអាមេរិកព្រមានប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិកទាំងបីថា ឥឡូវនេះ លោក ពូទីន ត្រៀមខ្លួនរួចជាស្រេច ដើម្បីកំណត់គោលដៅសម្ព័ន្ធមិត្ត ខណៈនៅតែប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ថា ការគំរាមកំហែងដែលអាចកើតមានមាន ចាប់ពីការវាយប្រហារតាមអ៊ីនធឺណិត ឬការបញ្ជូនក្រុមដែលគ្មានសញ្ញាសម្គាល់ទៅកាន់កាប់ទឹកដី រហូតដល់ការឈ្លានពានមានកំណត់នៅលើផ្នែកខាងកើតនៃសម្ព័ន្ធមិត្ត៕
