ស៊ែប៊ី ដែលជាសម្ព័ន្ធមិត្តរុស្ស៊ី បើកទ្វារទទួល ហ្សេលេនស្គី ដ៏កម្រ ក្រោយ Vucic ប្រកាសចុះចេញពីអំណាចក្នុងពេលខាងមុខ
រដ្ឋាភិបាលនៃប្រទេសស៊ែប៊ីដែលគេដឹងថា ជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លឌីមៀរ ពូទីន (Volodymyr Zelenskyy) បានបើកទំនាក់ទំនងការទូតដ៏កម្រជាមួយរដ្ឋាភិបាលអ៊ុយក្រែនរបស់ ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក្រោយការប្រកាសចុះចេញពីអំណាចរបស់ប្រធានាធិបតី Aleksandar Vučić កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ។

ក្នុងជំនួបនៅទីក្រុងបេលក្រាដ (Belgrade) នៃប្រទេសស៊ែប៊ី ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានជួបដាច់ដោយឡែក រវាងនាយករដ្ឋមន្ត្រីស៊ែប៊ី លោក Đuro Macut និងប្រធានាធិបតី Aleksandar Vučić ដោយភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន។
នៅក្នុងជំនួបកំពូលដ៏កម្រនៃប្រមុខដឹកនាំប្រទេសដែលធ្លាប់មានគោលនយោបាយការបរទេសមិនស៊ីសង្វាក់គ្នា ប្រមុខដឹកនាំនៃប្រទេសទាំងពីរ បានបើកការពិភាក្សាលើប្រធានបទនៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងដឹកជញ្ជូន ការគាំទ្រផ្នែកថាមពល និងជំនួសមនុស្សធម៌ ការស្តារឡើងវិញ និង ការកសាងប្រទេស និង ប្រធានបទចុងក្រោយ គឺគោលជំហរនយោបាយ និងសន្តិភាព។
សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងដឹកជញ្ជូន ប្រទេសទាំងពីរនឹងផ្តោតលើការអភិវឌ្ឍច្រករបៀងទន្លេដានុប (Danube Corridor) និងការជួយជ្រោមជ្រែងការផ្សាភ្ជាប់ឲ្យស៊ីជម្រៅរវាងអ៊ុយក្រែន តំបន់បាល់កង់ខាងលិច និងសហភាពអឺរ៉ុប។
ប្រទេសស៊ែប៊ី ក៏បានប្រកាសគាំទ្រផ្នែកថាមពល និងជំនួយមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែន ដែលរងការបំផ្លិចបំផ្លាញក្នុងវិស័យថាមពលដោយសារតែការបាញ់ផ្លោងរបស់រុស្ស៊ីបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពល។ យោងតាមការចេញផ្សាយលើបណ្តាញសង្គមរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី រដ្ឋាភិបាលស៊ែប៊ីបានសន្យាផ្តល់ជំនួយថវិកា ២លានអឺរ៉ូ និងជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលដែលរងផលប៉ះពាល់ដោយសារសង្គ្រាម។
ប្រទេសស៊ែប៊ី ក៏បានបើកចំហក្នុងការគាំទ្រអ៊ុយក្រែន ក្នុងយុទ្ធនាការកសាងអ៊ុយក្រែនឡើងវិញ រួមទាំងគម្រោងជួសជុលទីក្រុងដែលបានខូចខាត។ ជាមួយគ្នានោះ សម្រាប់ជំហរនយោបាយ និងសន្តិភាពវិញ ភាគីស៊ែប៊ីបានបញ្ជាក់ឡើងវិញនូវការគោរពបូរណភាពដែនដី ច្បាប់អន្តរជាតិ និងការគាំទ្រលើផ្លូវដើររបស់អ៊ុយក្រែនឆ្ពោះទៅកាន់សហភាពអឺរ៉ុប (EU integration)។
ក្នុងពេលកន្លងមក ភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី (SVR) បានចោទប្រកាន់ប្រទេសស៊ែប៊ីថា បានលក់គ្រាប់រំសេវ និងគ្រឿងបន្លាស់អាវុធធន់ធ្ងន់ទៅឱ្យបណ្តាប្រទេសសមាជិក NATO (ដូចជា សាធារណរដ្ឋឆែក និងប៊ុលហ្ការី) ហើយអាវុធទាំងនោះត្រូវបានគេយកទៅផ្គុំ និងបញ្ជូនបន្តទៅឱ្យកងទ័ពអ៊ុយក្រែនដើម្បីវាយប្រហារលើទាហានរុស្ស៊ី។
ទំនាក់ទំនងដ៏ស្អិតរមួតរវាងស៊ែប៊ី និង រុស្ស៊ី ដែលត្រូវគេមើលឃើញថា ជាទំនាក់ទំនងបងប្អូនបង្កើត បានប្រែក្លាយជាស្រអាប់ ដោយសារតែរឿងនេះ ហើយ ចុងក្រោយ រដ្ឋាភិបាលស៊ែប៊ី ក៏បានបង្ហាញការផ្លាស់ប្តូរយ៉ាងខ្លាំងទៅរកអឺរ៉ុប ក្រោយការបាតុកម្មទាមទាររបស់ក្រុមបាតុករជាច្រើនលើក៕
