អ៊ីស្រាអែលរងការចោទរំលោភកិច្ចព្រមព្រៀង ព្រោះតែចូលកាន់កាប់ភូមិគ្រប់គ្រងដោយទ័ព លីបង់
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ និងអភិបាលស្រុកក្នុងតំបន់ បានរាយការណ៍កាលពីថ្ងៃទី៨ ខែសីហា ថា កងទ័ពអ៊ីស្រាអែល បានលុកលុយចូលទៅក្នុងភូមិមួយរបស់លីបង់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពលីបង់ ស្របតាមកិច្ចព្រមព្រៀងកាលពីខែមិថុនា ហើយបានលួចសាងសង់របាំងដីមួយកន្លែងនៅទីនោះពេញមួយយប់។

អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានឃើញរបាំងដីនោះ ដែលស្ថិតនៅច្រកចូលទិសខាងកើតនៃភូមិ និងបានបិទផ្លូវទាំងស្រុង។ អាជ្ញាធរមូលដ្ឋានបានថ្លែងថា គេនៅមិនទាន់ច្បាស់ទេថា តើមានកងកម្លាំងអ៊ីស្រាអែលនៅសេសសល់ក្នុងតំបន់នោះដែរឬទេ។
ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានរាយការណ៍ថា «កងកម្លាំងទ័ពកាន់កាប់របស់អ៊ីស្រាអែល បានរុករុលចូលទៅក្នុងភូមិ Zawtar al-Gharbiya ភ្លាមៗ ក្រោយពាក់កណ្តាលអធ្រាត្រ ហើយបានសាងសង់របាំងដីថ្មីមួយនៅជិតទីលានប្រជុំជន»។
ភូមិ Zawtar al-Gharbiya គឺជាតំបន់មួយក្នុងចំណោម «តំបន់សាកល្បង» ចំនួនពីរ ដែលកងទ័ពលីបង់ត្រូវចូលទៅកាន់កាប់ ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសម្របសម្រួលដោយអាមេរិក ដែលបានចុះហត្ថលេខាជាមួយអ៊ីស្រាអែល។
លីបង់ និងអ៊ីស្រាអែលទើបតែបានបញ្ចប់ការចរចាដោយផ្ទាល់ជុំទីប្រាំពីររបស់ពួកគេនៅទីក្រុងរ៉ូមកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រភពពីភាគីលីបង់បានប្រាប់ AFP ថា ភាគីអ៊ីស្រាអែលបានបដិសេធមិនព្រមដកទ័ពពីតំបន់ផ្សេងទៀតទេ ដោយយកលេសថា ចង់តាមដានមើលថា តើកងទ័ពលីបង់អាចគ្រប់គ្រងតំបន់សាកល្បងបានទាំងស្រុង ឬយ៉ាងណា។
ចំណែកឯ ក្រុមហេបូឡា ដែលបដិសេធកិច្ចព្រមព្រៀងនេះ បានបដិសេធមិនព្រមប្រគល់អាវុធរបស់ខ្លួនឡើយ ហើយអ៊ីស្រាអែលនៅតែបន្តការវាយប្រហារមួយៗនៅភាគខាងត្បូងលីបង់ បើទោះបីជាមានបទឈប់បាញ់តាំងពីខែមិថុនាដោយ។
យ៉ាងណាមិញ ស្របពេលដែលការចរចាកំពុងទាល់ច្រក កងទ័ពអ៊ីស្រាអែលក៏បានលួចជ្រៀតចូលមកសាងសង់របាំងដីបិទផ្លូវក្នុងភូមិសាកល្បងនេះតែម្តង ដែលលីបង់ចាត់ទុកថាជាការបំពានទំនុកចិត្ត និងរំលោភលើកិច្ចព្រមព្រៀងដែលខំចរចាគ្នា៕
