អ៊ីរ៉ង់ ជិតសម្រេចកិច្ចព្រមព្រៀងបើកច្រក Hormuz តែទារឱ្យអាមេរិកបំពេញលក្ខខណ្ឌមួយចំនួនសិន

ប្រទេសអ៊ីរ៉ង់ បានប្រកាសថា ខ្លួនកំពុងឈានទៅសម្រេចកិច្ចព្រមព្រៀងចុងក្រោយជាមួយប្រទេសអូម៉ង់ ក្នុងការកំណត់ខ្សែបន្ទាត់នាវាចរណ៍ថ្មីឆ្លងកាត់ច្រកសមុទ្រ Hormuz ប៉ុន្តែបានបញ្ជាក់យ៉ាងដាច់អហង្ការថា សហរដ្ឋអាមេរិកត្រូវតែបំពេញលក្ខខណ្ឌមួយចំនួនជាមុនសិន រួមទាំងការផ្តល់សំណង ការបញ្ចប់ទណ្ឌកម្ម និងការបញ្ឈប់ការគំរាមកំហែងផ្នែកយោធា មុនពេលផ្លូវទឹកយុទ្ធសាស្ត្រនេះ ត្រូវបានបើកឱ្យដំណើរការឡើងវិញ។

លោក Abbas Araqchi

យោងតាម Reuters ចុះផ្សាយ​នៅ​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៦ នេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានលើកឡើងថា កិច្ចព្រមព្រៀងជាមួយអូម៉ង់ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ប៉ុន្តែទីក្រុងតេហេរ៉ង់ នឹងមិនបើកច្រកនេះវិញទេ លុះត្រាតែទីក្រុងវ៉ាស៊ីនតោនយល់ព្រមតាមការទាមទាររបស់ខ្លួន ខណៈដែលបច្ចុប្បន្នភាគីទាំងពីរ ពុំមានការចរចាដោយផ្ទាល់ឡើយ ពោលគឺធ្វើឡើងតាមរយៈអ្នកសម្របសម្រួលប៉ុណ្ណោះ។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានដាក់ចេញនូវលក្ខខណ្ឌតឹងរ៉ឹងជាច្រើន សម្រាប់ការបើកច្រកសមុទ្រនេះឡើងវិញ ដែលរួមមាន ការទាមទារសំណងសម្រាប់ការវាយប្រហាររបស់អាមេរិក ការបញ្ឈប់ការឈ្លានពានលើអ៊ីរ៉ង់និងសម្ព័ន្ធមិត្ត​ (នៅលីបង់ ប៉ាឡេស្ទីន យេម៉ែន និងអ៊ីរ៉ាក់) ការដកការបិទខ្ទប់របស់កងទ័ពជើងទឹកអាមេរិកនៅឈូងសមុទ្រ ការដកទណ្ឌកម្ម និងការបញ្ចេញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក។

ពាក់ព័ន្ធនឹង​បញ្ហា​នេះ មន្ត្រីអាមេរិកម្នាក់បានបង្ហើប​ប្រាប់ Reuters ថា ទីក្រុងវ៉ាស៊ីនតោន នឹងដកការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់វិញភ្លាមៗ នៅពេលដែលមានការប្រកាសពីកិច្ចព្រមព្រៀងស្តារការដឹកជញ្ជូនពាណិជ្ជកម្ម ដោយគ្មានការរារាំង។

ស្របពេលដែលភាពតានតឹងនៅច្រកសមុទ្រ Hormuz មិនទាន់ដោះស្រាយចេញ ប្រទេសអារ៉ាប់រួម បានចោទប្រកាន់ថា អ៊ីរ៉ង់បានវាយប្រហារលើនាវារបស់ក្រុមហ៊ុនប្រេងរដ្ឋរបស់ខ្លួន។ ជាមួយគ្នានេះ សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅយេម៉ែន គឺក្រុមឧទ្ទាមហ៊ូធី ក៏បានបង្កើនការវាយប្រហាររបស់ខ្លួនផងដែរ ដោយបានវាយប្រហារលើរោងចក្រចម្រាញ់ប្រេង Jazan របស់ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Saudi Aramco កាលពីថ្ងៃអាទិត្យ។ ការវាយប្រហារនេះ កើតឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើកតិកាសញ្ញាការពារជាតិជាមួយតួកគី និងប៉ាគីស្ថាន ដើម្បីឆ្លើយតបទៅនឹងអស្ថិរភាពក្នុងតំបន់ដែលកំពុងកើនឡើង ទោះបីជារដ្ឋមន្ត្រីការបរទេសតួកគី បានអះអាងថា សម្ព័ន្ធភាពថ្មីនេះមិនមានគោលដៅប្រឆាំងនឹងអ៊ីរ៉ង់ ឬប្រទេសណាមួយក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង