ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបតាមរូបភាព ដែលជាព្រះរាជសមិទ្ធិផលដ៏ថ្លៃ ថ្លារបស់ព្រះករុណាព្រះមហាក្សត្រ ដែលមានដូចជាអគារសិក្សា ស្រះទឹក និងអណ្តូងទឹក ព្រមទាំងប្រោសព្រះរាជទានដល់ប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី ឋិតក្នុងខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តកំពង់ឆ្នាំង ចូលក្រាបថ្វាយបង្គំគាល់ ដើម្បីទទួលយកនូវព្រះរាជអំណោយអំពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

មុននឹងប្រោសព្រះរាជទាននូវព្រះរាជពិធីដ៏មានអត្ថន័យនេះ ប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី ក្នុងខេត្តចំនួន៥ មានកិត្តិយសបានអញ្ជើញទស្សនា ព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។ ព្រះទីនាំងទេវានិច្ឆ័យ គឺជាស្នាព្រះហស្ថដ៏ថ្លៃថ្លា របស់ព្រះករុណា ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ។ ព្រះទីនាំងទេវានិច្ឆ័យ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សម្រាប់ប្រារព្ធព្រះរាជពិធី បុណ្យយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះមហាក្សត្រ ជាកន្លែងសម្រាប់គោរពបូជា ថ្វាយទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ ព្រះបរមរូបនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយានីខ្មែរ ជាកន្លែងសម្រាប់ប្រារព្ធ ព្រះរាជពិធីបុណ្យធំៗ តាមព្រះរាជប្បវេណីដ៏រុងរឿងរបស់ព្រះមហាក្សត្រខ្មែរ និងជាទីកន្លែងដ៏ខ្ពង់ខ្ពស់ សម្រាប់ទទួលគណៈប្រតិភូជាន់ខ្ពស់នៃបណ្តាប្រទេសជាមិត្តជាដើម។

ប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី ក្នុងខេត្ត រតនគិរី ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តកំពង់ឆ្នាំង បានបន្តដំណើរទស្សនា ទីសក្ការៈដ៏ខ្ពង់ខ្ពស់មួយកន្លែងទៀត នៅក្នុងព្រះបរមរាជវាំង គឺបានថ្វាយបង្គំព្រះវិហារព្រះកែវមរកត។ ការចូលទស្សនានៅសកម្មភាពក្នុងទីសក្ការៈដ៏ខ្ពង់ខ្ពស់នេះ បានធ្វើអោយប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី ក្នុងខេត្តចំនួន ៥ខាងលើ បានយល់ដឹងអំពីសម្បត្តិ បេត្តិកភណ្ឌនៃព្រះវិហារព្រះកែវមរកត ដែលជាស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបាទ សម្ដេច ព្រះនរោត្តម ព្រមទាំងព្រះពុទ្ធបដិមា និងវត្ថុសិល្បៈគ្រប់មុខ ដែលបានតម្កល់តាំងក្នុងព្រះវិហារ ព្រះកែវ មរកត គឺជាដង្វាយរបស់អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី និងព្រះរាជវង្សានុវង្សខ្មែរ បានថ្វាយព្រះកែវមរកត ដើម្បីនាំមកនូវភាពត្រជាក់ត្រជុំ សេចក្តីសុខសន្តិភាព កើតមានក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីទុកជាកេរ្តិ៍តំណែលវប្បធម៌ សិល្បៈប្រពៃណីដ៏រុងរឿងរបស់ខ្មែរ ដែលធ្លាប់មានភាពល្បីល្បាញ តាំងពីបុរាណកាលតរៀងមកបន្សល់ ទុកដល់កូនចៅខ្មែរជំនាន់ក្រោយ។

បន្ទាប់មក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វ ព្រះរាជហឬទ័យប្រោសព្រះរាជទានប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដីក្នុងខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តកំពង់ឆ្នាំង បានចូល ក្រាបថ្វាយបង្គំគាល់ ទទួលយកនូវព្រះរាជអំណោយ ពីព្រះករុណាព្រះមហាក្សត្រនៅក្នុងបរិវេណព្រះបរម រាជវាំង នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។

អញ្ជើញចូលរួមក្នុងព្រះរាជពិធីដ៏មានសារៈសំខាន់នេះ មានសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមន្ត្រីអ្នកមុខ អ្នកការសំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីរបស់ក្រុមសម្តេចឪជាច្រើនរូបទៀត។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬ ទ័យប្រោសព្រះរាជទានដល់បងប្អូនប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី មកពីខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តកំពង់ឆ្នាំង មាន ចំនួនសរុប ៤៦រូប នៅពេលនេះ គឺជាភ័ព្វព្រេងសំណាងដ៏ខ្ពង់ខ្ពស់ សម្រាប់បងប្អូនគ្រប់រូប ដែលមានឱកាស បានក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ ថ្វាយនូវសេចក្តីគោរពនឹករលឹក ក្នុងមនោសញ្ចេតនាគោរព អំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ដែលព្រះអង្គបានប្រោសព្រះរាជទាននូវមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាបងប្អូន កូនចៅ របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទូលថ្វាយនូវព្រះរាជសមិទ្ធផលដែលត្រូវ សម្ពោធទាំង៩កន្លែង ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងឱកាសដ៏នក្ខត្តឬក្សនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហប្ញទ័យប្រោសព្រះរាជទាននូវព្រះរាជឱង្ការសំណេះសំណាល ដែលមានព្រះសូរ សៀងដើម ប្រកបដោយអត្ថន័យដ៏ខ្ពង់ខ្ពស់។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវព្រះរាជអំណោយសម្រាប់ប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី ទទួលបានក្នុងម្នាក់ៗ អង្ករ ចំនួន ០១បាវ ៥០គ.ក្រ. ត្រីខ ចំនួន ១០កំប៉ុង មី ចំនួន០២កេស ឃីតចំនួន ០១កញ្ចប់ (មុង១, ភួយ១, សារុង១, ក្រមា១), សៀវភៅ ២ក្បាល ប៊ិច ១ដើម ខ្មៅដៃ ១ដើម ខោខៀវ ឬសំពត់ខៀវ អាវស ចំនួន១សម្រាប់ សម្រាប់សិស្សានុសិស្ស, អាវរងាមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១ អាវយឺតមាន ស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១, បាយ ម្ហូប ផ្លែឈើ ទឹកក្រូច១កំប៉ុង ទឹកបរិសុទ្ធ១ដប សម្រាប់ម្នាក់ៗពិសារតាមផ្លូវ, ព្រះរាជទ្រព្យ ប្រទានសិស្សានុសិស្ស ចំនួន ១០០ពាន់រៀល, ប្រជារាស្ត្រ ចំនួន ១៥០,០០០រៀល, គ្រូបង្រៀន ចំនួន ២០០ពាន់រៀល, លោកនាយកសាលា ចំនួន ២៥០ពាន់រៀល ក្រុមប្រឹក្សាឃុំ ចំនួន៣០០,០០០រៀល, មន្ត្រីក្រុម សម្តេចឪ (ដឹកនាំមក-ជូន ដំណើរទៅវិញ) ចំនួន ១០០,០០០រៀល។

ក្នុងព្រះរាជកម្មវិធីបន្ត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងកាត់ខ្សែបូរជានិមិត្តរូបនៃការសម្ពោធព្រះរាជសមិទ្ធផល និងយាង ទតរូបភាពនូវព្រះរាជសមិទ្ធផលដែលជាព្រះរាជអំណោយរបស់ព្រះករុណាព្រះមហាក្សត្រ មានដូចជា អគារសិក្សា ១កន្លែង នៅសាលាបឋមសិក្សា បរកែវ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី, ស្រះទឹក ចំនួន ៤កន្លែង ស្ថិតនៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ១កន្លែង មានទំហំបណ្តោយ ៨០ម. ទទឹង ៦០ម. ជម្រៅ ៣ម., ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ១កន្លែង មានទំហំបណ្តោយ ៧០ម. ទទឹង ៦០ម. ជម្រៅ ៣ម., ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ២កន្លែង នៅវត្តអង្គត្នោត មានទំហំបណ្តោយ ៦០ម. ទទឹង ៤០ម. ជម្រៅ ៣ម. និងវត្តព្រៃមូល មានទំហំបណ្តោយ ៧០ម. ទទឹង ៥០ម. ជម្រៅ ៣ម. និងអណ្តូងទឹកខួងប្រើម៉ូទ័របូមទឹក ៤កន្លែង កម្លាំង ១,៥០សេះ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ចំនួន ៣២អណ្តូង មានឃុំពពេល ចំនួន ១០អណ្តូង ឃុំពេជចង្វារ ចំនួន ៧អណ្តូង ឃុំផ្សារ ចំនួន ១០អណ្តូង និងឃុំត្រពាំងចាន់ ចំនួន ៥អណ្តូង។

សូមជម្រាបថា ក្នុងឆ្នាំ២០២៦នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធព្រះរាជសមិទ្ធផលជានិមិត្តរូបចំនួន៤លើក មានសរុបចំនួន ៣៩កន្លែង ក្នុងខេត្តចំនួន១៤ មានអគារសិក្សា អគារពុទ្ធិកសិក្សា អគារសាលាបាលី ចំនួន ១០កន្លែង មានផ្លូវលំ ចាក់ដីបំពេញទីធ្លាសាលារៀន ចំនួន ៦កន្លែង មានជីក ស្តារស្រះទឹក ចំនួន ១៣កន្លែង និងអណ្តូងទឹក ចំនួន ១០កន្លែង។ ក្រៅពីព្រះរាជសមិទ្ធផលទាំងអស់ខាងលើ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ក៏បានប្រោសព្រះរាជទានជាប្រចាំរៀងរាល់ឆ្នាំដល់ក្រុម សម្តេចឪ ចុះជួយអន្តរាគមន៍លើការងារបូមទឹកស្រោចស្រពសន្ទូងរាំងស្ងួត និងភ្ជួររាស់ជូនដល់បងប្អូន ប្រជារាស្ត្រជាកូនចៅរបស់ព្រះអង្គនៅតាមបណ្តាខេត្តផងដែរ។

ព្រះរាជសកម្មភាពដ៏ប្រពៃថ្លៃថ្លាក្នុងព្រះរាជពិធីសម្ពោធព្រះរាជសមិទ្ធិផលព្រះករុណាព្រះមហាក្សត្រ និងយាងសំណេះសំណាលសាកសួរសុខទុក្ខប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី នៅពេលនេះ មានបរិយាកាសដ៏សោមនស្សរីករាយ និងរាក់ទាក់ស្និទ្ធ ស្នាលជាទីបំផុតហើយក៏ជាមោទនភាពដ៏ខ្ពង់ខ្ពស់ សម្រាប់បងប្អូនប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី ជាបងប្អូន កូនចៅ មានឱកាសចូលក្រាបថ្វាយ បង្គំគាល់ ថ្វាយព្រះពរ ព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសដ៏ថ្លៃថ្លាដែលព្រះអង្គសព្វព្រះរាជហប្ញទ័យ សេ្តចយាងប្រោសព្រះរាជទាននូវព្រះរាជពិធីយាងសំណេះសំណាលសាកសួរសុខទុក្ខដ៏ឧត្តុង្គឧត្តមនេះ ធ្វើអោយប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី មានសេចក្តី រំភើបត្រេកអរ រកអ្វីប្រៀបផ្ទឹមពុំបាន និងសូមសំដែងនូវការចងចាំមិនភ្លេច ចំពោះព្រះមហាករុណាទិគុណ ដ៏ធំធេង ក្នុងទិវាប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រនេះ។

ព្រះរាជហប្ញទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ស្តេចយាងបំពេញព្រះរាជកិច្ចមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ ជាសក្ខីភាពបង្ហាញអោយឃើញថា ទុក្ខលំបាករបស់ប្រជារាស្ត្រ គឺជាទុក្ខលំបាករបស់ព្រះអង្គ ដែលបានបន្តស្នាព្រះហត្ថដ៏ឧត្តុង្គឧត្តមពី សម្តេចឪ សម្តេចតា សម្តេចតាទួត ដែលព្រះអង្គមានព្រះរាជហប្ញទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់នៅគ្រប់ ពេលវេលា ចំពោះសុខទុក្ខរបស់ប្រជារាស្ត្រ ដើម្បីចូលរួមចំណែកជាមួយនឹងការខិតខំយកចិត្តទុកដាក់ពី សំណាក់រាជរដ្ឋាភិបាល ស្ថាប័នកំពូលជាតិ កាកបាទក្រហមកម្ពុជា និងសប្បុរសជនយើងនៅគ្រប់ មជ្ឈដ្ឋាន ក្នុងការជួយសង្គ្រោះប្រជារាស្ត្រក្រីក្រ ប្រជារាស្ត្រដែលងាយទទួលរងគ្រោះដោយធម្មជាតិ មានគ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួតជាដើម និងជួបប្រទះការលំបាកដោយឧប្បទ្ទវហេតុផ្សេងៗ បានយ៉ាងទាន់ពេលវេលា។ មិនតែប៉ុណ្ណោះ ព្រះរាជហប្ញទ័យស្រលាញ់ថ្នាក់ថ្នម និងការប្រោសព្រះរាជទាន ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ដើម្បីជួយសម្រាលដល់ការលំបាកក្នុងជីវភាពរបស់ប្រជារាស្ត្រ គ្រូបង្រៀន និងអាជ្ញាធរមកពីមូលដ្ឋានខាងលើនេះ ក៏ជាសក្ខីភាពបង្ហាញអោយឃើញយ៉ាងជាក់ច្បាស់ ទៀតថា ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គមានព្រះរាជហឫទ័យផ្សាភ្ជាប់ជានិច្ចនូវភាពស្និទ្ធស្នាល ចំពោះ បងប្អូន កូនចៅរបស់ព្រះអង្គ ក៏ដូចជាប្រជារាស្ត្រក្រីក្រជនចាស់ជរា ជនពិការ កុមារកំព្រា កុមារអនាថា ជាដើម ដែលជួបការលំបាកតែងតែទទួលនូវព្រះរាជហឬទ័យសណ្ដោសប្រោសប្រណីធ្វើអោយកូនចៅ របស់ព្រះអង្គ មានភាពកក់ក្ដៅក្នុងជីវិត។

ប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី បានថ្លែងនូវអំណរព្រះរាជគុណថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះសព្ទសាធុការពរដ៏បរវមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ បានប្រកបតែនឹងសិរីសួស្តី ជ័យមង្គល ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៏ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់សុខសាន្តសំបូរសប្បាយ ដល់កូនចៅ ចៅទួតរបស់ព្រះអង្គ ជាដរាបតរៀងទៅ។

បន្ទាប់ពីព្រះរាជពិធីយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជ អំណោយដល់ប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី បានចប់រួចរាល់ ប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី ជាបងប្អូន កូនចៅ បានក្រាបថ្វាយបង្គំលា ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងខណៈនោះដែរ រថយន្តរបស់ក្រុមសម្តេចឪ បានដឹកជញ្ជួន បងប្អូនប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី បានអញ្ជើញវិលត្រលប់ ពីព្រះបរមរាជវាំងទៅកាន់លំនៅដ្ឋានរៀងៗខ្លួន វិញប្រកបដោយសុវត្តិភាពខ្ពស់៕

 

អត្ថបទដែលជាប់ទាក់ទង