ចិន ឥណ្ឌូណេស៊ី ព្រមព្រៀងគ្នាពង្រឹងទំនាក់ទំនងយោធា ជំរុញកិច្ចសហប្រតិបត្តិការវិស័យរ៉ែ ថាមពល
ចិន និងឥណ្ឌូណេស៊ី កាលពីថ្ងៃសុក្រ បានព្រមព្រៀងគ្នាពង្រឹងទំនាក់ទំនងយោធា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ ថាមពល និងបច្ចេកវិទ្យា ខណៈឥណ្ឌូណេស៊ីកំពុងព្យាយាមរក្សាទំនាក់ទំនងជាមួយទាំងចិន និងសហរដ្ឋអាមេរិក ចំពេលភាពតានតឹងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយកើនឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយនៅពេលចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហ្សាការតានៅសប្ដាហ៍នេះថា ប្រទេសទាំង ២ គួរ «ចាប់យកឱកាសនៅពេលនេះ» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។ លោកបានលើកឡើងថា ស្ថានការណ៍អន្តរជាតិបច្ចុប្បន្នកាន់តែស្មុគស្មាញ ខណៈនយោបាយឯកតោភាគី និងសកម្មភាពបែបអនុត្តរភាព កំពុងបង្កផលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និងស្ថិរភាពពិភពលោក។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Wang អមដំណើរដោយរដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun ដើម្បីជួបជាមួយសមភាគីឥណ្ឌូណេស៊ី។ ប្រទេសទាំង២ បានព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការចាប់ពីវិស័យការពារជាតិ បញ្ញាសិប្បនិម្មិត ផ្លូវដែក ថាមពលបៃតង ផ្កាយរណប រហូតដល់វិស័យជលផល។
វិស័យការពារជាតិគឺជាចំណុចសំខាន់មួយនៃកិច្ចពិភាក្សា។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Sjafrie Sjamsoeddin បានឱ្យដឹងថា ប្រទេសទាំង២ នឹងបង្កើនសកម្មភាពយោធារួមគ្នា រួមមានការធ្វើសមយុទ្ធ។
ភាគីទាំង២ ក៏បានពិភាក្សាអំពីគម្រោងបង្កើតរោងចក្រផលិតគ្រាប់រំសេវរួមគ្នានៅឥណ្ឌូណេស៊ី ដែលអាចផលិតគ្រាប់កាំភ្លើង មីស៊ីល និងរ៉ុក្កែត ព្រមទាំងអាចមានការផ្ទេរបច្ចេកវិទ្យាពីចិនផងដែរ។ រោងចក្រនេះត្រូវបានរំពឹងថានឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៧។
លោក Sjafrie បានហៅគម្រោងនេះថា ជាជំហានសំខាន់មួយក្នុងការពង្រឹងសមត្ថភាពការពារជាតិរបស់ឥណ្ឌូណេស៊ីសម្រាប់បច្ចុប្បន្ន និងអនាគត។
កិច្ចពង្រឹងទំនាក់ទំនងយោធានេះកើតឡើងបន្ទាប់ពីចិន និងឥណ្ឌូណេស៊ីបានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាកាលពីសប្ដាហ៍មុន នៅតំបន់ខាងកើតកោះតៃវ៉ាន់។ ទោះជាយ៉ាងណា កងទ័ពជើងទឹកឥណ្ឌូណេស៊ីបានបញ្ជាក់ថា ខ្លួនក៏ធ្វើសមយុទ្ធជាប្រចាំជាមួយជប៉ុន និងអាមេរិកផងដែរ។

ក្រៅពីវិស័យយោធា ចិន និងឥណ្ឌូណេស៊ីក៏បានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការលើធនធានថាមពល និងរ៉ែ។ ឥណ្ឌូណេស៊ីសម្បូរទៅដោយធនធានធម្មជាតិ ដូចជា នីកែល សំណប៉ាហាំង ទង់ដែង មាស និងបុកស៊ីត ហើយជាប្រទេសនាំចេញប្រេងដូង និងធ្យូងថ្មធំបំផុតមួយរបស់ពិភពលោក។
ចិនគឺជាអ្នកទិញដ៏សំខាន់មួយរបស់ឥណ្ឌូណេស៊ី និងមានឥទ្ធិពលខ្លាំងក្នុងវិស័យកែច្នៃនីកែលរបស់ប្រទេសនេះ ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ឧស្សាហកម្មអាគុយរថយន្តអគ្គិសនី។
ក្នុងឆមាសទី១ ឆ្នាំ២០២៦ ចិនបានវិនិយោគប្រមាណ ៣,៩ ប៊ីលានដុល្លារនៅឥណ្ឌូណេស៊ី។ ប៉ុន្តែ ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគក៏មានបញ្ហាប្រឈមខ្លះដែរ ដោយក្រុមហ៊ុនចិនមួយចំនួនបានត្អូញត្អែរអំពីពន្ធខ្ពស់ បទប្បញ្ញត្តិតឹងរ៉ឹង និងការផ្លាស់ប្តូររូបមន្តកំណត់តម្លៃនីកែលរបស់ឥណ្ឌូណេស៊ី។
ក្រោមការដឹកនាំរបស់ប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ ឥណ្ឌូណេស៊ីបានបន្តគោលនយោបាយការបរទេស «សេរី និងសកម្ម» ដោយមិនចូលខាងមហាអំណាចណាមួយ និងព្យាយាមរក្សាទំនាក់ទំនងល្អជាមួយគ្រប់ប្រទេស រួមទាំងចិន និងសហរដ្ឋអាមេរិក។ ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ក៏កើតឡើងចំពេលជម្លោះសមុទ្រចិនខាងត្បូងនៅតែមានតានតឹង៕