ហេតុអ្វីបាន​តម្លៃមាសអន្តរជាតិ​ប្រែប្រួលរហ័សម្ល៉េះក្នុងមួយរយៈពេល​ចុងក្រោយ?

តម្លៃមាសអន្តរជាតិ​សម្រាប់ការ​ជួញដូរភ្លាមៗ (Spot Gold) បាន​កើនដល់ជាង ៤ ៦៤០ ដុល្លារ/អោន កាលពីថ្ងៃអង្គារសប្ដាហ៍មុន ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៣ ខែ។

ប៉ុន្តែ​គិតមកត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ តម្លៃមាសដដែលបានធ្លាក់ចុះជាបន្តបន្ទាប់ មកត្រឹមតែប្រហែល ៤ ៣៤០ ដុល្លារ/អោន ពោលគឺខុសគ្នាជាង ៣០០ ដុល្លារ ក្នុងរយៈពេលត្រឹម ១ សប្ដាហ៍។ វាបានបន្តធ្លាក់ទៀតនៅថ្ងៃព្រឹកថ្ងៃពុធ ទី២ កញ្ញា​ មកត្រឹម ៤ ៣០២ ដុល្លារ/អោន។

តើមូលហេតុអ្វីបានជានិន្នាការតម្លៃមាសអន្តរជាតិ​ឥឡូវនេះ មានការប្រែប្រួលរហ័សម្ល៉េះ?

ការឡើងថ្លៃខ្លាំងរបស់មាសកាលពីសប្ដាហ៍មុន ត្រូវបានជំរុញមួយផ្នែកដោយការរំពឹងថា ធនាគារកណ្តាល​សហព័ន្ធអាមេរិក (Fed) អាចមិនដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗនោះទេ​។ ​ការចុះខ្សោយនៃប្រាក់ដុល្លារ ​និង​ក្ដីរំពឹង​ពីការមិនរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ​របស់ Fed ធ្វើឱ្យវិនិយោគិន​ងាកទៅទិញមាសកាន់តែច្រើន នោះហើយជាមូលហេតុធំមួយធ្វើឱ្យតម្លៃមាសអន្តរជាតិកើនឡើង។

ប៉ុន្តែ​និន្នាការនេះបានផ្លាស់ប្តូរយ៉ាងលឿន។ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យតម្លៃ​ប្រេងកើនឡើង និងបង្កើនការព្រួយបារម្ភថា អតិផរណាអាចនៅខ្ពស់។ ប្រសិនបើអតិផរណានៅតែខ្ពស់ ទីផ្សារអាចរំពឹងថា Fed នឹងរក្សាអត្រាការប្រាក់ខ្ពស់ ឬអាចដំឡើងបន្ថែម ដែល​ការរំពឹងបែបនេះជាទូទៅមិនអំណោយផលដល់មាសនោះទេ។

ប្រធានធនាគារកណ្តាល​សហព័ន្ធអាមេរិក (Fed) លោក Kevin Warsh

ការរំពឹងថា Fed អាចដំឡើងអត្រាការប្រាក់ បានធ្វើឱ្យការប្រាក់ពីមូលបត្របំណុលរដ្ឋាភិបាលអាមេរិកកើនឡើង និងធ្វើឱ្យប្រាក់ដុល្លាររឹងមាំឡើង។ កត្តាទាំង២ នេះបានបង្កើន​ការលក់មាសចេញ​ ព្រោះមាសមិនផ្តល់ការប្រាក់ ខណៈអ្នកវិនិយោគអាចងាកទៅកាន់ទ្រព្យសកម្មដែលផ្តល់ការប្រាក់ ដែលធ្វើឱ្យមាសធ្លាក់ថ្លៃ។

ការប្រែប្រួលខ្លាំងរបស់មាសក្នុងពេលនេះ គឺជាលទ្ធផលនៃការផ្លាស់ប្តូរយ៉ាងលឿនក្នុងការរំពឹងរបស់ទីផ្សារ ជាពិសេសចំពោះអត្រាការប្រាក់របស់ Fed ប្រាក់ដុល្លារ និងតម្លៃប្រេងអន្តរជាតិ​ ដែលឡើងចុះដោយអាស្រ័យលើការវិវត្តនៃស្ថានការណ៍ជម្លោះអាមេរិក-អ៊ីរ៉ង់។ ​ទោះបីភាពតានតឹងភូមិសាស្ត្រនយោបាយជាទូទៅគាំទ្រមាសក្នុងនាមជាទ្រព្យសកម្មសុវត្ថិភាពក៏ដោយ ​ជម្លោះមជ្ឈិមបូព៌ាដែលប៉ះពាល់ដល់គោលនយោបាយ Fed នៅជះឥទ្ធិពលខ្លាំងជាងក្នុងរយៈពេលខ្លី៕

អត្ថបទដែលជាប់ទាក់ទង