កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាប និងឃាត់ខ្លួនក្មេងទំនើង១៣នាក់ ករណីបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យ

(កំពង់ស្ពឺ)៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន១៣នាក់ ជាបន្តបន្ទាប់ ក្នុងរយៈពេល ២ថ្ងៃជាប់គ្នា ពាក់ព័ន្ធនឹងករណីជិះម៉ូតូជាក្រុមបង្កភាពរញ៉េរញ៉ៃ និងបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការចង្អុលបង្ហាញពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីសំណាក់លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត ព្រមទាំងក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ការបង្ក្រាបនេះបានធ្វើឡើងបន្ទាប់ពីទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotline 1292។ ក្រុមទីមួយមានចំនួន១១នាក់ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង ២២:៤០នាទីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្សាររាត្រី ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ចំណែកក្រុមទីពីរមានចំនួន២នាក់ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ១៣:៥០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅត្រង់ចំណុចវិមានឯករាជ្យខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នក្មេងទំនើងទាំង១៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះមុខ ម្តាយ ឪពុក និងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ កិត្តិយសគ្រួសារ និងបង្កការភ័យខ្លាចដល់អ្នកជុំវិញខ្លួន។ ជាមួយគ្នានេះ វត្ថុតាងរួមមានម៉ូតូចំនួន០៨គ្រឿង និងទូរស័ព្ទចំនួន១១គ្រឿង ត្រូវបានដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ប្រសិនបើបានឃើញក្រុមក្មេងទំនើងដែលចូលចិត្តបង្ហោះម៉ូតូតាមផ្លូវសាធារណៈបែបនេះ ករណីចោរលួច ចោរប្លន់ ករណីគ្រឿងញៀន ឬក៏ជួបនូវឧបទ្ទវហេតុផ្សេងៗ ហើយត្រូវការជំនួយអន្តរាគមន៍ពីកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សូមធ្វើការទំនាក់ទំនងមកកាន់លេខទូរសព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 ហើយជំនាញអាវុធហត្ថនឹងរក្សារការសម្ងាត់ជូនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង