រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គេហទំព័រមិនអាចក្លាយជាប្រភពព័ត៌មានដែលមានប្រយោជន៍បានទេ ប្រសិនបើព័ត៌មាននៅលើគេហទំព័រមិនត្រូវបានធ្វើបច្ចុប្បន្នភាព
រាជធានីភ្នំពេញ ៖ គេហទំព័រមិនអាចក្លាយជាប្រភពព័ត៌មានដែលមានប្រយោជន៍បានទេ ប្រសិនបើព័ត៌មាននៅលើគេហទំព័រមិនត្រូវបានធ្វើបច្ចុប្បន្នភាព ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ ថ្លែងក្នុងពិធីសម្ភាសន៍ដាក់ដំណើរការឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័ររួមមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥» នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានផ្តាំផ្ញើ និងដាក់ចេញនូវភារកិច្ចសំខាន់ៗជូនមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំ ។
ឯកឧត្តមបានបញ្ជាក់ថា «គេហទំព័រមិនអាចក្លាយជាប្រភពព័ត៌មានដែលមានប្រយោជន៍បានទេ ប្រសិនបើព័ត៌មាននៅលើគេហទំព័រមិនត្រូវបានធ្វើបច្ចុប្បន្នភាព ។ ដូច្នេះ ត្រូវធានាថា ព័ត៌មានអំពីសកម្មភាពរបស់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សេវាសាធារណៈ និងសកម្មភាពសំខាន់ៗនៅក្នុងមូលដ្ឋាន ត្រូវបានផ្សព្វផ្សាយឱ្យបានទាន់ពេលវេលា ត្រឹមត្រូវ និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋស្វែងរក»។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ «ត្រូវពង្រឹងគុណភាព និងក្រមសីលធម៌វិជ្ជា ជីវៈ ។ យើងត្រូវផលិតមាតិកាឌីជីថលដែលមានភាពទាក់ទាញ ងាយអាន ងាយយល់ ងាយចែករំលែក និងសមស្របទៅនឹងរបៀបប្រើប្រាស់ព័ត៌មានរបស់ប្រជាពលរដ្ឋសម័យឌីជីថល។ ប៉ុន្តែ ភាពទាក់ទាញមិនត្រូវមកជំនួសភាពត្រឹមត្រូវនោះទេ ។ យើងត្រូវចងចាំជានិច្ចថា ព័ត៌មានដែលលឿន ប៉ុន្តែមិនត្រឹមត្រូវ គឺមិនអាចបង្កើតទំនុកចិត្តបានឡើយ ។ ហេតុនេះ ការផលិតមាតិកាឌីជីថលត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ការផ្ទៀងផ្ទាត់ប្រភព និងការទទួលខុសត្រូវចំពោះសាធារណជន»។
ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីបានលើកឡើងថា ត្រូវការពារសុចរិតភាព និងភាពជឿជាក់នៃព័ត៌មាន ។ ក្នុងបរិយាកាសព័ត៌មានដែលមានការរីករាលដាលយ៉ាងឆាប់រហ័ស យើងត្រូវបង្កើនសមត្ថភាពក្នុងការផ្តល់ព័ត៌មានពិត ព័ត៌មានច្បាស់លាស់ និងព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន ។ ថ្នាលផ្លូវការទាំង២៥ ត្រូវក្លាយជាប្រភពសម្រាប់សាធារណជនក្នុងការស្វែងរកការពិត និងផ្ទៀងផ្ទាត់ព័ត៌មានដែលពួកគេបានឃើញនៅលើថ្នាលផ្សេងៗ ។
ឯកឧត្តមបានបញ្ជាក់ថា «យើងត្រូវឱ្យប្រជាពលរដ្ឋដឹងថា នៅពេលពួកគាត់ចង់ស្វែងរកព័ត៌មានផ្លូវការ ពួកគាត់មានប្រភពដែលអាចពឹងផ្អែកបាន ។ នេះជាការកសាងទំនុកចិត្តរបស់សាធារណជនចំពោះប្រព័ន្ធព័ត៌មានរបស់រដ្ឋ» ។ ជាមួយគ្នានោះដែរ ឯកឧត្តមបានបន្ថែមថា ការសម្ពោធគេហទំព័រទាំង២៥នៅថ្ងៃនេះ មិនមែនជាចំណុចបញ្ចប់ទេ ។ វាគឺជាចំណុចចាប់ផ្តើមនៃដំណើរថ្មីមួយ ។
ក្រសួងព័ត៌មាននឹងបន្តពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិលើជំនាញសារព័ត៌មានឌីជីថលការផលិតមាតិកាពហុប្រព័ន្ធការគ្រប់គ្រងថ្នាលឌីជីថល និងជំនាញថ្មីៗដែលចាំបាច់សម្រាប់សម័យបច្ចេកវិទ្យា ។ យើងក៏នឹងបន្តសិក្សា និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឱ្យស្របតាមតម្រូវការការងារ និងមានការទទួលខុសត្រូវ ដើម្បីជួយបង្កើនប្រសិទ្ធភាពក្នុងការផលិត និងគ្រប់គ្រងមាតិកា ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «យើងនឹងបន្តពង្រឹងការតភ្ជាប់រវាងគេហទំព័រទាំង២៥ ទៅកាន់កម្មវិធីទូរស័ព្ទ MoINFO App ដើម្បីបង្កើតបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ ដែលកាន់តែទំនើប សកម្ម ស៊ីសង្វាក់គ្នា និងអាចឆ្លើយតបបានលឿនជាងមុន។ យើងចង់ឱ្យប្រព័ន្ធព័ត៌មានរបស់យើង មិនត្រឹមតែ «មានវត្តមាននៅលើអ៊ីនធឺណិត» ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ«មានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅក្នុងជីវិតប្រចាំថ្ងៃ»៕

