សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយនឹងឯកឧមជាថ្មីក្នុងដំណើរអញ្ជើញមកកាន់ប្រទេសកម្ពុជានៅពេលនេះ។សម្ដេចបានចាត់ទុកនៃដំណើររបស់ឯកឧត្តមមកកាន់កម្ពុជា គឺជាផ្នែកមួយនៃការពួនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េឲ្យកាន់តែរីកចម្រើន។
ក្នុងឱកាសនោះ ឯកឧត្តម លោក គីម ជីនផ្យូ បានសម្ដែងនូវការអរគុណដែលសម្ដេចបានអនុញ្ញាតឲ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។នេះឯកឧត្តមបានលើកឡើងថាទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េនៅពេលបច្ចុប្បន្ន កំពុងតែមានភាពល្អប្រសើរ ហើយសង្ឃឹមថា អ្នកទេសចររបស់កូរ៉េ នឹងមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសង្កេតឃើញអ្នកវិនិយោគរបស់កូរ៉េចាប់អារម្មណ៍មកវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ផងដែរ។
សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម គីម ជីនផ្យូ ជាពិសេសសម្ដេចសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំរីកចម្រើន។បន្ថែមពីលើនេះសម្ដេចក៏ជំរុញឲ្យឯកឧត្តមអតីតប្រធានរដ្ឋសភាធ្វើយ៉ាងណាឲ្យអ្នកវិនិយោគរបស់ប្រទេសកូរ៉េមកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនផងដែរ។សម្ដេចបានលើកឡើងថា កូរ៉េគឺជាដៃគូមួយនៃកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជា នៅក្នុងក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយជាពិសេសនោះគឺការវិនិយោគតែម្ដង ដែលប្រទេសទាំងពីរកំពុងតែសហការគ្នាល្អ នៅក្នុងការកិច្ចសការដ៏មានសារៈសំខាន់។
ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា៕


