សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ខួបលើកទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦)។
ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជាទិវាប្រវត្តិសាស្ត្រ ដែលរដ្ឋធម្មនុញ្ញជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឡាយព្រះហស្តលេខាលើព្រះរាជក្រម ប្រកាសឲ្យប្រើជាផ្លូវការ ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោយសភាធម្មនុញ្ញបានអនុម័ត តាមឆន្ទៈរួមនៃប្រជារាស្ត្រខ្មែរ ដែលបានក្រោកឈរឡើង ប្ដូរផ្ដាច់ រួបរួមគ្នា ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ការពង្រឹងឯករាជ្យជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា អារ្យធម៌អង្គរដ៏បវរ និងកសាងប្រទេសជាតិឱ្យបានឈានឡើងរីកចម្រើន លូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍។
ការអនុវត្តរដ្ឋធម្មនុញ្ញរយៈពេលជាង៣០ឆ្នាំកន្លងមក ក្រោមម្លប់នៃសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយមាននយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យសម្រេចសមិទ្ធផលធម្មនុញ្ញដ៏ធំធេងលើគ្រប់វិស័យ ប្រកបដោយភាពជោគជ័យត្រចះត្រចង់ ដែលធ្វើឱ្យប្រជារាស្ត្រកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ដើម្បីរំលឹកដល់ថ្ងៃទី២៤ កញ្ញា ១៩៩៣ ដែលជាថ្ងៃប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា ស្របតាមគោលបំណង និងសំណូមពររបស់រាជរដ្ឋាភិបាល ដែលបានកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ៕


