ឃាត់ខ្លួន​លោក គឹ​ម ភិ​រម្យ ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hok Nave ជជែក​វែកញែក​រឿង​បែកធ្លាយ​សំឡេង និង​ប៉ះពាល់​កិត្តិយស​វីរ​កងទ័ព

រាជធានី​ភ្នំពេញ ​៖ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hok Nave ដែល​ជជែក​វែកញែក​រឿង​បែកធ្លាយ​សំឡេង និង​ប៉ះពាល់​កិត្តិយស​វីរ​កងទ័ព ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ស្រាវជ្រាវ​ឃាត់ខ្លួន ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម នៅ​វេលា​ល្ងាច​ថ្ងៃ​ទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ​ ។

នៅ​ក្នុង​បណ្តាញ​សង្គម លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ បានឱ្យ​ដឹង​ថា ​៖ «​សូម​គោរព​ជម្រាប​ជូន​មហាជន​មេត្តា​ជ្រាប​ថា បុរស​ម្នាក់​ឈ្មោះ​ពិត គឹ​ម ភិ​រម្យ ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hok Nave ដែល​កំពុង​តែ​មានការ​ជជែក​វែកញែក​រឿង​បែកធ្លាយ​សំឡេង និង​ប៉ះពាល់​កិត្តិយស​វីរ​កងទ័ព និង​លើ​ប្អូនស្រី ដោយ​មាន​សំណូមពរ​ដល់​សមត្ថកិច្ច​ឱ្យ​មាន​ចំណាត់ការ​លើ​ជន​នោះ តាម​ពិត​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​នោះ នៅ​ល្ងាច​ថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ ២០២៦ រួច​ហើយ និង​កំពុង​បន្ត​នីតិវិធី​ផង​ដែរ​»​។

ការ​ឃាត់ខ្លួន​ឈ្មោះ គឹ​ម ភិ​រម្យ ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hok Nave នេះ ត្រូវ​គេ​ដឹង​ថា ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ ។

តាម​សេចក្តី​គោរព​សុំ​ទោស និង​គោរព​ស្នើ​សុំ​ការ​អនុគ្រោះ ដែល​បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hok Nave បានឱ្យ​ដឹង​ថា​៖ «​ខ្ញុំបាទ Hok Nave សូម​ក្រាប​គោរព​សំពះ សម្តេច​តេ​ជោ សម្តេច​ធិ​បតី សម្តេច ទ្រង់ ឯកឧត្តម លោក​ជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោក​មេទ័ព និង​បង​ៗ​វីរជន​កងទ័ព នគរបាល និង​កងរាជអាវុធហត្ថ ព្រមទាំង​ពុក​ម៉ែ ពូ​មីង បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​រស់នៅ​ក្នុង​ប្រទេស និង​នៅ​ក្រៅប្រទេស​។ ខ្ញុំបាទ​សូម​គោរព​សុំ​ទោស​ដោយ​ស្មោះ​អស់ពី​ចិត្ត ចំពោះ​ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​អារម្មណ៍​របស់​លោក​មេទ័ព បង​ៗ​វីរជន​កងទ័ព និង​បងប្អូន​ប្រជាពលរដ្ឋ​»​។

«​កាលពី​ថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ខ្ញុំបាទ​បាន​និយាយ​សំឡេង​ក្នុង​ការ​ជជែក​តាម Facebook ផ្ទាល់ខ្លួន​ជាមួយ​បុគ្គល​ម្នាក់ ក្នុង​លក្ខណៈ​ជា​ការ​ជជែក​គ្នា និង​ការ​ផ្តល់​យោបល់​ផ្ទាល់ខ្លួន​។ សំឡេង​រយៈពេល​ប្រមាណ ២៦វិនាទី ដែល​បាន​ផ្សព្វផ្សាយ​នោះ គឺ​ពិតជា​សំឡេង​របស់ខ្ញុំ​មែន​។ ចំពោះ​ពាក្យពេចន៍​ ដែល​បាន​និយាយ​ដោយ​ខ្វះ​ការ​គិតពិចារណា ខ្ញុំបាទ​សូម​ទទួលស្គាល់​កំហុស​»​ ។

លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ​៖ «​លោក​មិន​មាន​បំណង​មើលងាយ ឬ​បន្ទាប​តម្លៃ​ការ​លះបង់​របស់​កងទ័ព និង​អ្នក​ដែល​កំពុង​បំពេញភារកិច្ច​ការពារ​ជាតិ​ឡើយ​។ ប៉ុន្តែ​ទោះបីជា​មាន​បំណង​យ៉ាងណា​ក៏​ដោយ ពាក្យ​សម្ដី​ដែល​ខ្ញុំ​បាន​និយាយ​ដោយ​មិន​បាន​ពិចារណា​គ្រប់​ជ្រុងជ្រោយ បាន​បង្ក​ឱ្យ​មានការ​យល់​ច្រឡំ និង​ការ​ឈឺចាប់​ដល់​លោក​មេទ័ព និង​បង​ៗ​វីរ​កងទ័ព រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​។ ចំពោះ​ចំណុច​នេះ ខ្ញុំបាទ​សូម​ទទួលស្គាល់​កំហុស និង​គោរព​សូម​អភ័យទោស​ដោយ​ស្មោះ​»​ ។

ទោះបីជា​មានការ​សុំ​ទោស​យ៉ាងណា​ក៏​ដោយ ក៏​ច្បាប់​ពុំ​លើកលែង ​នូវ​ទ​ង្វើ​របស់​ជន​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​ឡើយ​ ៕

អត្ថបទដែលជាប់ទាក់ទង