រុស្ស៊ី​បង្កើនចំនួន​ទ័ព​ដល់ជិត ២,៥លាន​នាក់ ព្រមទាំងរឹតបន្តឹងការ​បញ្ចេញទិន្នន័យថាមពល និងប្រេង​

យោងតាម​ឯកសារមួយ​​ចេញ​ផ្សាយ នៅ​លើ​គេ​ហទំព័រ​ព័ត៌មាន​ផ្លូវ​ច្បាប់ជា​ផ្លូវកា​រ​ បាន​​ឱ្យ​ដឹង​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះ​ហត្ថលេខាលើ​ក្រឹត្យមួយ​កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញានេះ ដើម្បីបង្កើនចំនួន​​កងកម្លាំងប្រដាប់អាវុធរុស្ស៊ី​លើ​ចំនួន​ដែល​មាន​ស្រាប់​។ នេះបើយោង​តាម​សារព័ត៌មាន Turkiye Today ផ្សាយ​នៅ​ថ្ងៃ​ទី ២៩ ខែ​កញ្ញា ឆ្នាំ​២០២៦ ។

កងទ័ព​រុស្ស៊ី​និង​លោក ពូទីន​

បទ​បញ្ជា​ចុងក្រោយនេះ​បានបន្ថែម​ចំនួន​បុគ្គលិកយោធា​ កំពុង​បំពេញ​ភារកិច្ចយ៉ាង​សកម្ម​ចំនួន ១៥ ៥០០នាក់ កើន​ចំនួន​សរុប​ដល់ ​២ ៤៤១ ៦៣០នាក់ ក្នុងនោះ​មានបុគ្គលិកយោធាសកម្ម​ចំនួន ​១ ៥៥០ ៥០០​នាក់។

រដ្ឋាភិបាល​រុស្ស៊ី​បាន​បែងចែកថវិកា​សហព័ន្ធ​ទៅ​ឱ្យ​ក្រសួង​ការពារ​ជាតិ ​តាមតម្រូវការ​ ដើម្បីរក្សាចំនួនកងកម្លាំង​ប្រដាប់អាវុធតាមកម្រិតដែល​បានកំណត់។

គួរ​បញ្ជាក់​ថា កាល​ពីខែកក្កដា លោក ពូទីន បាន​បង្កើនចំនួនកង​កម្លាំងប្រដាប់អាវុធ​រុស្ស៊ីដល់ ២ ៤២៦ ១៣០នាក់ ​ក្នុងនោះរួមមាន​បុគ្គលិកយោធាសកម្មចំនួន ១ ៥៣៥ ០០០នាក់។

កាល​ពីថ្ងៃចន្ទ លោក ពូទីន ក៏​បានចុះហត្ថលេខា​​លើក្រឹត្យមួយ ដើម្បី​រឹតបន្តឹង​​ ចំពោះ​ការ​បង្ហាញព័ត៌មានអំពី​ថាមពល និងផលិតផលប្រេង ​ផងដែរ ក្នុងគោលបំណងធ្វើឱ្យ​ការអនុវត្តវិធាន​ការដាក់ទណ្ឌកម្ម​ដោយសហរដ្ឋ​អាមេរិកនិងបណ្តាប្រទេសលោកខាង​លិចផ្សេងទៀត កាន់តែមានការលំបាក​។

យោង​តាមឯកសារ​បានចុះផ្សាយ​នៅ​លើ​គេ​ហ​ទំព័រ​ព័ត៌មានផ្លូវច្បាប់​ជាផ្លូវការ វិធានការ​នេះត្រូវបានដាក់​ចេញ ដោយសារតែការ​​ចាត់វិធានការ​បន្ទាន់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាព​​​ឈ្លាន​ពាន​ ផ្ទុយនឹងច្បាប់អន្តរជាតិ ប្រព្រឹត្តឡើង​ដោយសហរដ្ឋអាមេរិក រួមទាំងរដ្ឋបរទេស និងអង្គការអន្តរជាតិដែល​បាន​ចូលរួមជាមួយសហរដ្ឋអាមេរិក​។

យោងតាមក្រឹត្យ​នេះ​ឱ្យ​ដឹង​ថា ព័ត៌មានទាក់ទងនឹងបរិមាណនៃការកែ​ច្នៃ និងទិន្ន​ផលផលិតផល​របស់នីតិបុគ្គល ឬរោងចក្រចម្រាញ់​ប្រេងរបស់រុស្ស៊ី​បានបន្ថែមទៅក្នុងបញ្ជីព័ត៌មាន​​​ក្នុង​កម្រិត​មួយ​ដែល​មិន​ឱ្យមានការចូល​មើលជាសាធារណៈ​បាន​។​

ក្រឹត្យ​នេះក៏ហាមឃាត់​នូវការផ្សព្វផ្សាយព័ត៌មាន​អំពីឈ្មោះ បរិមាណ និងតម្លៃនៃផលិតផលថាមពល​នាំចេញ អត្តសញ្ញាណរបស់​អ្នកលក់ អ្នកទិញ និងអ្នក​សម្របសម្រួល ការទូទាត់ប្រាក់ កាលបរិច្ឆេទ ​និងពេលវេលានៃ​ការដឹកជញ្ជូន យានយន្តដឹកជញ្ជូន ព្រមទាំងផ្លូវដឹកជញ្ជូន ស្ថានីយ និងកន្លែងស្តុកទុក រួមទាំងកូអរដោណេភូមិសាស្ត្រ​របស់ទីតាំងទាំងនោះ​ផង​ដែរ​៕

អត្ថបទដែលជាប់ទាក់ទង