នាយករដ្ឋមន្ត្រីថាកាតព្វកិច្ចយោធាជាការវិនិយោគលើការកសាងកម្លាំងការពារជាតិ ខណៈថ្ងៃដំបូងយុវជនជិត៣ពាន់នាក់បានស្នើចុះឈ្មោះ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺជាការវិនិយោគរបស់រាជរដ្ឋាភិបាលលើការកសាង និងពង្រឹងឱ្យកាន់តែរឹងមាំនូវធនធានមនុស្សក្នុងវិស័យការពារជាតិ។ ការថ្លែងរបស់សម្ដេចធិបតី ធ្វើឡើងមួយថ្ងៃក្រោយក្រសួងការពារជាតិបានចាប់ផ្ដើមដំណើរការចែកពាក្យស្នើសុំចូលបំពេញកាតព្វកិច្ចយោធា។

កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ជាថ្ងៃចាប់ផ្ដើមដំបូង ដែលក្រសួងការពារជាតិ បានបើកឱ្យយុវជន-យុវនារីស្ម័គ្រចិត្តស្នើសុំចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា នៅតាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ ទូទាំងប្រទេស។ បើតាមគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ការចែកពាក្យស្នើសុំនេះ នឹងមានរយៈពេលដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ហើយការដាក់ពាក្យ នឹងចាប់ពីថ្ងៃទី១០ ដល់១៥ ខែតុលា ឆ្នាំ២០២៦។

ថ្ងៃដំបូងនៃការចែកពាក្យ មានយុវជន-យុវនារី មកស្នើសុំពាក្យប្រមាណជិត ៣ពាន់នាក់។ នេះបើតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានថ្លែងចេញពិធីប្រគល់សញ្ញា​បត្រ​​ដល់​និស្សិត​ជ័យលាភីនៃ​សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

សម្ដេចធិបតី បានគូសបញ្ជាក់ថា នេះជាជំហានសាកល្បងលើកទី១ នៃការរៀបចំការអនុវត្តកាតព្វកិច្ចយោធា ហើយនឹងបន្តអនុវត្តជាជំហានៗបន្ទាប់ទៀតដោយក្រសួងការពារជាតិ ដើម្បីបំពេញតាមសេចក្ដីត្រូវការជាក់ស្ដែង។ សម្ដេច បានណែនាំឱ្យក្រសួងការពារជាតិ ត្រូវមានការរៀបចំឱ្យបានច្បាស់លាស់ និងត្រឹមត្រូវតាមការកំណត់នៃច្បាប់។

សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសារសំខាន់នៃការបំពេញកាតព្វកិច្ចយោធានេះ ដែលមានទាំងការហ្វឹកហ្វឺន បណ្ដុះបណ្ដាលវិន័យ ការទទួលខុសត្រូវ និងការធ្វើការជាក្រុម ធ្វើយ៉ាងណាធានានូវការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព និងឥរិយាបទ។ សម្ដេច សង្កត់ធ្ងន់ថា ការអនុវត្តកាតព្វកិច្ចយោធា ជាការវិនិយោគរបស់រាជរដ្ឋាភិបាលក្នុងការកសាងធនធានមនុស្សមួយ ដែលមានឥរិយាបទត្រូវត្រឹម ដែលមានវិន័យ និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ ដើម្បីសម្រេចភារកិច្ចជូនជាតិ និងប្រជាជន។

សម្ដេច បានមានប្រសាសន៍យ៉ាងដូច្នេះថា «ច្បាប់កាតព្វកិច្ចយោធានេះ សម្រាប់រាជរដ្ឋាភិបាលវាជាគោលនយោបាយមួយក្នុងការវិនិយោគ កសាង ពង្រឹងធនធានមនុស្ស មិនខុសពីក្រសួងអប់រំ មិនខុសពីក្រសួងការងារ មិនខុសពីក្រសួងធម្មការ ក្នុងការពង្រឹងធនធានក្នុវិស័យសាសនា មិនខុសពីក្រសួងសុខាភិបាល ក្នុងការពង្រឹងពេទ្យ»។

យោងតាម​ច្បាប់​ស្ដីពី​កាតព្វកិច្ចយោធា ឆ្នាំ២០២៦ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែល​មាន​អាយុ​ចាប់ពី​១៨ ​ដល់​២៥​ឆ្នាំ ​ត្រូវ​បំពេញ​កាតព្វកិច្ច​យោធា ខណៈប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ការបំពេញកាតព្វកិច្ចយោធា មានរយៈពេលកំណត់២៤ខែ ហើយក្រោយបញ្ចប់កាតព្វកិច្ចអាចត្រឡប់ទៅអាជីពដើមវិញ។ ប៉ុន្តែត្រូវបន្ត​ជាយោធិន​បម្រុង​រហូត​ដល់​អាយុ៤៥​ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង