សោកនាដកម្មបាក់ព្រិលនៅ នេប៉ាល់ សម្លាប់កម្មករ ១៥នាក់ និងម្នាក់ទៀតកំពុងបាត់ខ្លួន
កម្មករជនជាតិនេប៉ាល់យ៉ាងហោចណាស់ ១៥នាក់ បានបាត់បង់ជីវិត បន្ទាប់ពីហេតុការណ៍បាក់រលំព្រិល ធ្លាក់មកសង្កត់ជំរុំភ្នំមួយកន្លែង ដែលពួកគេកំពុងរៀបចំសម្រាប់អ្នកឡើងភ្នំបរទេសនៅតំបន់កណ្តាល នៃប្រទេសនេប៉ាល់ ខណៈនេះ ជាឧប្បត្តិហេតុគ្រោះថ្នាក់ដ៏សាហាវបំផុត ក្នុងរដូវឡើងភ្នំរដូវស្លឹកឈើជ្រុះដែលបញ្ចប់ក្នុងខែនេះ។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីសង្គ្រោះ កាលពីថ្ងៃទី១ ខែតុលា។

ការបាក់ព្រិលនេះបានកប់ជំរុំមូលដ្ឋាននៃភ្នំ Himlung Himal ដែលមានកម្ពស់ ៧ ១២៦ម៉ែត្រ (២៣ ៣៧៩ហ្វីត) នៅក្នុងស្រុក Manang ភាគខាងជើង កាលពីចុងសប្តាហ៍មុន ខណៈដែលកម្មករនេប៉ាល់ទាំងនោះកំពុងបោះតង់ និងដាក់ខ្សែពួរ។ ចំណែកឯ កម្មករម្នាក់ទៀតនៅតែបន្តបាត់ខ្លួននូវឡើយ។
លោក Tul Singh Gurung ប្រធានសមាគមមគ្គុទ្ទេសក៍ភ្នំជាតិបណ្តាញនេប៉ាល់ (NNMGA) បានប្រាប់ឱ្យដឹងថា អ្នកសង្គ្រោះរហូតមកទល់ពេលនេះបានរកឃើញសាកសពចំនួន ១៥នាក់ ហើយពីទីតាំងកើតហេតុ។ សាកសពចំនួន ៨នាក់ត្រូវបានរកឃើញក្រោមភ្នំពេញព្រិលកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែល ៧នាក់ផ្សេងទៀត ត្រូវបានទាញយកមកវិញកាលពីដើមសប្តាហ៍នេះ។
លោក Gurung បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «សាកសពដែលបានរកឃើញនៅថ្ងៃនេះ ត្រូវបានរំពឹងថា នឹងត្រូវដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់ទីក្រុង Kathmandu។ ឱកាសនៃការស្វែងរកកម្មករម្នាក់ដែលបាត់ខ្លួនគឺមានកម្រិតទាប ហើយប្រតិបត្តិការសង្គ្រោះទំនងជានឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗ។
ដោយឡែក សម្រាប់ក្រុមអ្នកឡើងភ្នំបរទេស មិនទាន់បានទៅដល់ទីតាំងកើតហេតុនោះទេ នៅពេលដែលឧប្បត្តិហេតុបាក់ព្រិលបានកើតឡើង។
សូមជម្រាបជូនថា ជារៀងរាល់ឆ្នាំ មានភ្ញៀវទេសចររាប់ពាន់នាក់បានសម្រុកមកកាន់ប្រទេសនេប៉ាល់ ដើម្បីទស្សនា ឬឡើងភ្នំ ដែលបង្កើតការងារសម្រាប់មនុស្សរាប់ម៉ឺននាក់ជាមគ្គុទ្ទេសក៍ អ្នកយួរឥវ៉ាន់ និងបុគ្គលិកផ្សេងៗទៀត ព្រមទាំងនៅក្នុងវិស័យការងារពាក់ព័ន្ធនឹងទេសចរណ៍ផងដែរ។
ទោះបីជាវាជាប្រភពចំណូលដ៏សំខាន់ ប៉ុន្តែកម្មករទាំងនេះត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ខ្លាំងពីធម្មជាតិ ដូចជាកង្វះអុកស៊ីសែន ធាតុអាកាសត្រជាក់ខ្លាំង និងគ្រោះថ្នាក់បាក់ព្រិល ដែលអាចកើតឡើងគ្រប់ពេល ។ ជាពិសេស នៅពេលដែលការប្រែប្រួលអាកាសធាតុ វាធ្វើឱ្យផ្ទាំងទឹកកក និងទឹកកកភ្នំរលាយលឿនជាងមុន ដែលធ្វើឱ្យការងាររបស់កម្មករភ្នំទាំងនេះកាន់តែប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត៕

