អាជ្ញាធរខេត្តព្រះសីហនុ ចុះឆែកឆេរទីតាំងខុនដូ U Mall ឃាត់ជនបរទេស ២៦នាក់ សង្ស័យពាក់ព័ន្ធបទ Online scam
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហ និងឆែកឆេរនៅទីតាំងខុនដូ U Mall (អតីតផ្សារទំនើប ព្រីនម៉ល) ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ក្បែរសណ្ឋាគារសុខា ដោយបានឃាត់ខ្លួនជនបរទេសចំនួន ២៦នាក់ ដកហូតបានសម្ភារបច្ចេកវិទ្យាមួយចំនួន។

ផ្អែកតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្រតិបត្តិការនេះបានជួបការលំបាក និងប្រើប្រាស់ពេលខ្លះ ដោយសារស្ថានភាពស្មុគស្មាញនៅក្នុងខុនដូ ដោយបន្ទប់ខ្លះជាភ្ញៀវជួល និងបន្ទប់ខ្លះទៀតជាម្ចាស់ទិញផ្តាច់ ព្រមទាំងមានបន្ទប់មួយចំនួនចាក់សោរ និងគ្មានម្ចាស់នៅ ធ្វើឱ្យជនបរទេសមួយចំនួនដឹងខ្លួនមុន និងបានរត់ចុះមកជាន់ខាងក្រោម។
យ៉ាងណាមិញ កម្លាំងសមត្ថកិច្ចបានចាត់វិធានការបិទខ្ទប់ទាន់ពេលវេលា និងបានឃាត់ខ្លួនជនបរទេសចំនួន ២៦នាក់ (រួមមានជនជាតិចិនមួយចំនួន) ដែលគ្មានលិខិតឆ្លងដែនជាប់ខ្លួន និងសង្ស័យថាមានពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។


ក្នុងប្រតិបត្តិការនោះដែរ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន កុំព្យូទ័រយួរដៃ (Laptop) និងទូរស័ព្ទដៃមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់បន្ត៕



