កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៣នាក់ បញ្ជូនទៅតុលាការ ក្រោយលួចកាត់ខ្សែភ្លើងនៅក្នុងរោងចក្រ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច
(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ, កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោយពីក្រុមជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅក្នុងរោងចក្រក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច។
កាលពីវេលាម៉ោង ២៣៖២៤នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការចេញល្បាតចល័តតាមផ្លវត្រង់ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរោងចក្រពីស្រុកភ្នំស្រួច។
ក្រោមវិធានជំនាញរបស់កម្លាំងអាវុធហត្ថ ក្រោយពេលសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅក្នុងរោងចក្រទុកចោលមិនដំណើរមួយកន្លែងមែន ដែលមានទីតាំងស្ថិតនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន៖
*ទី១៖ ឈ្មោះ សុន ប៊ុននឿន អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី២៖ ឈ្មោះ ណន ណាវី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី៣៖ ឈ្មោះ ពៅ កក្កដា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ហើយមានទីលំនៅបច្ចុប្បន្នក្នុងភូមិទួលធ្នង់ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្នុងនោះចាប់យកវត្ថុតាងបានរួមមាន៖ កាំបិតផ្កាក់ចំនួន០១, កន្រ្តៃកាត់ខ្សែភ្លើងចំនួន០១, ទូរស័ព្ទដៃ០២គ្រឿង, ម៉ូតូ០១គ្រឿង និងលួសស្ពាន់មួយចំនួនថែមទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕






