ខេត្តសៀមរាបជាប់លេខ ១ ទាក់ទាញភ្ញៀវទេសចរច្រើនជាងគេក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈកំពតឈរលេខ ២
ខេត្តសៀមរាបឈរនៅលំដាប់ទី ១ ជាគោលដៅទេសចរណ៍ដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ ថ្ងៃ ខណៈខេត្តកំពតឈរនៅលេខ ២ និងខេត្តព្រះសីហនុឈរនៅលេខ ៣។
យោងតាមរបាយការណ៍ស្ថិតិភ្ញៀវទេសចរណ៍ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ខេត្តសៀមរាបទទួលបានចំនួននៃដំណើរកម្សាន្តសរុបចំនួន ២៥៦ ៧១៥ ដងនាក់ ខណៈខេត្តកំពតមានចំនួន ២២៤ ៨៦០ ដងនាក់ និងខេត្តព្រះសីហនុមានចំនួន ១៩៥ ៩៩៤ ដងនាក់។
ក្នុងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ការធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប ២ ១៦១ ២១១ ដងនាក់។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍ ទើបចេញផ្សាយនៅពេលរសៀលនេះ។



ជាមួយការបង្ហាញស្ថិតិភ្ញៀវទេសចរដើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រសួងទេសចរណ៍បានពន្យល់ពីនីតិវិធីក្នុងការរាប់ចំនួនទេសចរដើរកម្សាន្តក្នុងអំឡុងពេលព្រឹត្តិការណ៍ ពិធីបុណ្យ ឬកម្មវិធីនានា ជាការរាប់ចំនួនដងឬលើក នៃដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ មិនមែនរាប់ជាចំនួនមនុស្សទេ។
តួលេខសំដៅលើចំនួនដងនៃដំណើរកម្សាន្ត មិនមែនជាចំនួនមនុស្សពិតប្រាកដនោះទេ។ ភ្ញៀវទេសចរម្នាក់អាចត្រូវបានរាប់ច្រើនដង ប្រសិនបើធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ផ្សេងៗគ្នា ឬទៅទស្សនាទីតាំងដដែលក្នុងរយៈពេលច្រើនថ្ងៃ។
ឧទាហរណ៍៖ ភ្ញៀវម្នាក់អាចត្រូវបានរាប់ច្រើនដង ប្រសិនបើទៅទស្សនាច្រើនទីតាំង ឬច្រើនថ្ងៃ។
ពាក់ព័ន្ធនឹងការប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យ ក្រសួងទេសចរណ៍បានឱ្យដឹងថា ស្ថិតិនេះជាទិន្នន័យរដ្ឋបាលដែលប្រមូលដោយមន្ទីរទេសចរណ៍រាជធានី-ខេត្ត ពីមូលដ្ឋានអាជីវកម្មស្នាក់នៅ និងប្រភពពាក់ព័ន្ធផ្សេងៗ មុននឹងធ្វើការផ្ទៀងផ្ទាត់តាមវិធីសាស្ត្រគណនា។
ចំពោះទីតាំងរៀបចំព្រឹត្តិការណ៍ ការប៉ាន់ប្រមាណចំនួនអ្នកចូលរួមត្រូវបានគណនា ដោយផ្អែកលើផ្ទៃក្រឡាទីតាំង និងដង់ស៊ីតេមនុស្សក្នុងមួយម៉ែត្រការ៉េ (ផ្ទៃក្រឡាទីតាំងម៉ែត្រការ៉េ x ចំនួនមនុស្ស) ដែលអាចឈានដល់ ៤ នាក់ក្នុងមួយម៉ែត្រការ៉េ ក្នុងករណីមានមនុស្សកកកុញខ្លាំង ឬសម្រួលតាមស្ថានភាពជាក់ស្តែង។
ដោយឡែក សម្រាប់រមណីយដ្ឋាន និងគោលដៅទេសចរណ៍ ការគណនាផ្អែកលើចំនួនសំបុត្រដែលបានលក់ ឬចំនួនយានយន្តដែលចូលទស្សនា ដោយបែងចែកតាមប្រភេទយានយន្ត៕

