កូរ៉េខាងត្បូង បើកមូលដ្ឋាន AI យោធាដំបូងគេ ដើម្បីបណ្តុះបណ្តាលមនុស្សយន្ត សម្រាប់បេសកកម្មគ្រោះថ្នាក់
កាលពីថ្ងៃចន្ទ ទី១២ ខែតុលា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានសម្ពោធមូលដ្ឋានយោធាដំបូងគេ សម្រាប់ការផ្លាស់ប្តូរទៅរកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីអភិវឌ្ឍប្រព័ន្ធមនុស្សយន្តដែលអាចអនុវត្តប្រតិបត្តិការយោធាក្នុងបរិបទហានិភ័យខ្ពស់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Anadolu។

ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ដោយដកស្រង់សម្តីរបស់ក្រសួងថា មូលដ្ឋាននេះមានទីតាំងស្ថិតនៅតំបន់ Pangyo ភាគខាងត្បូងទីក្រុងសេអ៊ូល ហើយវានឹងផ្តល់ការបណ្តុះបណ្តាលមនុស្សយន្ត មានរូបរាងដូចមនុស្ស និងមនុស្សយន្តមានជើងច្រើន ដោយប្រើប្រាស់ទិន្នន័យ AI ផ្នែករូបវន្ត (physical AI) និងគំរូ AI កម្រិតខ្ពស់។
មន្ត្រីប្រមាណ ១៥០នាក់ រួមទាំងតំណាងមកពីក្រសួងវិទ្យាសាស្ត្រ និងក្រសួងឧស្សាហកម្ម បានចូលរួមក្នុងពិធីសម្ពោធនេះ។
មនុស្សយន្តទាំងនោះនឹងត្រូវបណ្តុះបណ្តាលឱ្យដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ ចូលទៅក្នុងតំបន់គ្រោះថ្នាក់ ដោះស្រាយគ្រឿងផ្ទុះ និងបោសសម្អាតមីន ដោយនឹងជួយកាត់បន្ថយការប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់ទាហាន នៅក្នុងបេសកកម្មនានា។
ក្រសួងបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើតមជ្ឈមណ្ឌលការពារជាតិឈានមុខគេមួយរបស់ពិភពលោក លើឯកទេស AI ផ្នែករូបវន្ត ដែលអនុញ្ញាតឱ្យម៉ាស៊ីនអាចធ្វើអន្តរកម្មជាមួយបរិយាកាសជាក់ស្តែងបាន។
ក្រោមកម្មវិធីនេះ កូរ៉េខាងត្បូងនឹងបង្កើតមូលដ្ឋានផ្លាស់ប្តូរ AI ចំនួន ៥ នៅទូទាំងប្រទេស ពាក់ព័ន្ធនឹងសាខាយោធានីមួយៗ និងអគ្គសេនាធិការចម្រុះ។ មូលដ្ឋានមួយ នឹងមានទីតាំងនៅទីស្នាក់ការកណ្តាលនៃអគ្គសេនាធិការចម្រុះនៅក្នុងស្រុក Yongsan ទីក្រុងសេអ៊ូល។
ក្រសួងក៏មានគម្រោងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឯកជន ដើម្បីរួមបញ្ចូលប្រព័ន្ធ AI អភិវឌ្ឍជាលក្ខណៈពាណិជ្ជកម្មទៅក្នុងប្រតិបត្តិការយោធាផងដែរ។
គំនិតផ្តួចផ្តើមនេះកើតឡើង ខណៈកូរ៉េខាងត្បូង កំពុងងាកទៅរកប្រព័ន្ធស្វ័យប្រវត្តិកម្មកាន់តែខ្លាំងឡើង ដើម្បីដោះស្រាយកង្វះខាតបុគ្គលិកយោធា បណ្តាលមកពីអត្រាកំណើតធ្លាក់ចុះរបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មាន Anadolu ធ្លាប់បានរាយការណ៍ថា យោធាកូរ៉េខាងត្បូងបានពង្រីកការទទួលយក AI ដើម្បីរក្សាការត្រៀមខ្លួនប្រតិបត្តិការជាមួយនឹងកងទ័ពតិចជាងមុន រួមទាំងការសាកល្បងមនុស្សយន្តដែលមានរូបរាងដូចមនុស្ស នៅលើនាវាកងទ័ពជើងទឹក៕
ប្រភព៖ Anadolu
