លោក ណេតាន់យ៉ាហ៊ូ ថា មិនវាយប្រហារ អ៊ីរ៉ង់ មុនបោះឆ្នោតទេ តែបើហ៊ានបាញ់មក ដឹងតែសងសឹកវិញហើយ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសកាលពីថ្ងៃ ទី១៤ ខែតុលា ថា លោកមិនគាំទ្រការវាយប្រហារទុកមុនទៅលើអ៊ីរ៉ង់ មុនការបោះឆ្នោតរបស់អ៊ីស្រាអែល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា នេះទេ ប៉ុន្តែលោកក៏បានព្រមានទីក្រុងតេហេរ៉ង់ និងក្រុមកងកម្លាំងតំណាងអ៊ីរ៉ង់ មិនឱ្យវាយប្រហារលើអ៊ីស្រាអែលផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុកងទ័ពអ៊ីស្រាអែល នៅពេលត្រូវគេសាកសួរអំពីលទ្ធភាពនៃការវាយប្រហារទុកមុន និងការចោទប្រកាន់ពីគូប្រជែងនយោបាយថា លោកកំពុងស្វែងរកការប្រឈមមុខដាក់គ្នាផ្នែកយោធាដើម្បីចំណេញផលប្រយោជន៍បោះឆ្នោត លោក ណេតាន់យ៉ាហ៊ូ បានឆ្លើយថា៖ «ការបើកការវាយប្រហារទុកមុន ទៅលើអ៊ីរ៉ង់នៅពេលនេះ គឺមិនផ្តល់ផលចំណេញ ឬផលល្អណាមួយដល់អ៊ីស្រាអែលឡើយ»។
លោកបានបន្ថែមថា៖ «ទោះបីជាអ៊ីរ៉ង់បាញ់មីស៊ីលមកលើយើង ក៏ពួកគេនៅតែបន្ទោសខ្ញុំដែរ»។ ទោះជាយ៉ាងនេះក្តី លោកបានបន្ថែមការព្រមានពីមុនៗរបស់លោកទៅកាន់អ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា អ៊ីស្រាអែលនឹងឆ្លើយតបវិញយ៉ាងខ្លាំងក្លាបំផុត ប្រសិនបើទទួលរងការវាយប្រហារណាមួយ។
យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីលទ្ធភាពនៃការវាយប្រហារទុកមុន ក្រោយការបោះឆ្នោត ឬលទ្ធផលនៃកិច្ចពិភាក្សានាពេលថ្មីៗនេះ ជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនឡើយ។
គួររំឭកផងដែរថា ទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្លាក់ចូលក្នុងសង្គ្រាមចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈមកម្ល៉េះ នៅពេលដែលអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ ហើយទីក្រុងតេហេរ៉ង់បានវាយបកវិញមកលើអ៊ីស្រាអែល និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ។ ទោះជាយ៉ាងណា អ៊ីស្រាអែល និងអ៊ីរ៉ង់មិនទាន់មានការបាញ់បោះដាក់គ្នាសារជាថ្មីទៀតឡើយចាប់តាំងពីខែមិថុនា៕
ប្រភព៖ Reuters

