ចិន​ កាត់​ទោសប្រហារជីវិត​មនុស្ស ៣នាក់ ពីបទ​ដំណើរការ​បណ្តាញឆបោក​ នៅមីយ៉ាន់ម៉ា​

តុលាការ​​ភាគខាង​កើតប្រទេសចិន បាន​កាត់ទោសប្រហារជីវិត​សមាជិក​ក្រុមឧក្រិដ្ឋជន​ចំនួន ៣នាក់ ពីបទ​ដំណើរ​ការបណ្តាញ​មជ្ឈមណ្ឌលឆបោក​ នៅ​ក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន AFP ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២៦។

តុលាការ​ចិន​

ក្នុងសេចក្តីថ្លែងការណ៍​មួយ​​ ចេញផ្សាយកាលពីថ្ងៃអង្គារ ទី​១៣ ខែ​តុលា ឆ្នាំ​២០២៦ តុលាការប្រជាជន​កម្រិតមធ្យម ​Quanzhou​ ដែលជាតុលាការជាន់ខ្ពស់​មួយ​ក្នុងខេត្ត Fujian ភាគ​អាគ្នេយ៍ ​បានឱ្យដឹងថា ​ខ្លួនបានសម្រេចបានកាត់ទោសប្រហារជីវិត​ លោក Wei Huairen លោក Chen Dawei និង លោក Liao Jingfang ជុំវិញ​ការជាប់ពាក់ព័ន្ធរបស់ពួកគេ​ក្នុង​ក្រុម​ឧក្រិដ្ឋជនត្រកូល Wei។

ក្រុម​ឧក្រិដ្ឋជន​នេះបាន​ពាក់ព័ន្ធនឹងបទល្មើសជា​ច្រើន រួមមានការជួញ​ដូរគ្រឿងញៀន ការរៀប​ចំប្រព័ន្ធពេស្យាចារ ការដំណើរ​ការកាស៊ីណូខុស​ច្បាប់ ការឆបោកតាមរយៈប្រព័ន្ធ​ទូរគមនាគមន៍ និងការសម្លាប់​ជនជាតិចិនយ៉ាង​តិច​ ២នាក់។

តុលាការបាន​បញ្ជាក់ថា លោក Wei គឺជាមេខ្លោងម្នាក់​របស់ក្រុមនេះ ​ហើយត្រូវបាន​រកឃើញថា​ មានទោសលើបទល្មើស​ជាច្រើន រួមទាំងបទឃាតកម្ម​ផងដែរ។

គួរ​បញ្ជាក់​ថា សមាជិក​ចំនួន ៣នាក់ផ្សេងទៀតត្រូវ​បានកាត់ទោស​ឱ្យជាប់ពន្ធនាគារ​អស់មួយជីវិត ខណៈ​សមាជិក ៥៥នាក់ផ្សេងទៀត​ត្រូវបានកាត់ទោស​ឱ្យជាប់ពន្ធនាគារ​ក្នុងរយៈ​ពេល​ចាប់ពី ៣ឆ្នាំ និង ៣​ខែ រហូតដល់ ២៤ឆ្នាំ។ តុលាការបាន​ឱ្យដឹងថា សកម្មភាពរបស់​ក្រុមឧក្រិដ្ឋជននេះ​បានរក​ប្រាក់ចំណូលបាន​ជាង ១.៨ប៊ី​លានដុល្លារ​អាមេរិក។

មជ្ឈមណ្ឌល​ឆបោក​នៅ​មីយ៉ាន់​ម៉ា

កាល​ពី​ថ្ងៃអង្គារ ទូរទស្សន៍​រដ្ឋចិន CCTV បានរាយការណ៍ថា ក្រុមនេះ​បានដំណើរការ​ទីតាំងធំៗចំនួន ១៤កន្លែង និង​ល្បួងជនជាតិចិនរាប់​ពាន់នាក់ឱ្យ​ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយសន្យាផ្តល់ប្រាក់ឈ្នួលខ្ពស់​។

សាល​ក្រមនេះ​បានចេញ​មក​ ចំពេល​ទីក្រុងប៉េកាំង​ បង្កើន​ការបង្ក្រាប​លើបណ្តាញ​បោកប្រាស់ឆ្លងដែន​ ដែលកំពុងប្រតិបត្តិការ​​ក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែល​ទីតាំងបោកប្រាស់ក្នុងតំបន់នេះ បានក្លាយទៅជាអាជីវកម្មក្នុងទំហំលដ៏ធំ។

កាលពីខែ​កក្កដា អង្គការអន្តរជាតិ​សម្រាប់ទេសន្តរប្រវេសន៍ (IOM) ព្រមានថា មជ្ឈមណ្ឌល​បោកប្រាស់​ក្នុងតំបន់អាស៊ីអាគ្នេយ៍មាន​បុគ្គលិកបម្រើ​ការងាររហូតដល់ទៅ ៣០០ ០០០នាក់ និងប្រើប្រាស់​ល្បិចកល​តាមអ៊ីនធឺណិត​ ដើម្បីបោកប្រាស់ប្រជាជន​នៅបណ្តា​ប្រទេសលោកខាងលិច ​ក្នុងនោះមាន​មនុស្សចាស់ជាច្រើន​៕

ប្រភព៖ AFP

អត្ថបទដែលជាប់ទាក់ទង