ក្រុមបាតុករ និងប៉ូលិសថៃ ប៉ះទង្គិចគ្នា នៅជិតកន្លែងប្រជុំ IMF ក្នុងទីក្រុងបាងកក

ក្រុមបាតុករប្រឆាំងនឹងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប៉ះទង្គិចគ្នាជាមួយនឹងកងកម្លាំងប៉ូលិសថៃ នៅចំណុចប្រសព្វផ្លូវរ៉ាម៉ាទី៤ ក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃទី១៥ ខែតុលា នេះ ក្នុងពេលដែលពួកគេព្យាយាមសម្រុកចូលទៅកាន់ទីតាំងប្រជុំប្រចាំឆ្នាំរបស់ IMF និងធនាគារពិភពលោក ដើម្បីដាក់សំណើទាមទាររបស់ខ្លួនជូនមន្ត្រីជាន់ខ្ពស់នៃស្ថាប័នទាំងពីរ។ នេះបើតាមសារព័ត៌មានថៃ The Nation។

ក្រុមបណ្តាញសង្គមស៊ីវិលបានស្នើសុំចូលទៅក្នុងមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit ដែលជាទីតាំងកំពុងរៀបចំកិច្ចប្រជុំ ដើម្បីបង្ហាញការព្រួយបារម្ភ និងដាក់សំណើរបស់ពួកគេជូនមន្ត្រី IMF។

រូបភាពពី The Nation

ដើម្បីគ្រប់គ្រងស្ថានការណ៍ ប៉ូលិសបានបិទផ្លូវដែលនាំទៅកាន់មជ្ឈមណ្ឌលសន្និបាតពីចំណុចប្រសព្វផ្លូវរ៉ាម៉ាទី៤ និងអាសុគ (Asok) ដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ នៅម៉ោងប្រហែល ៨:៣០ ព្រឹក ប៉ូលិសបានចាប់ផ្តើមចរចាជាមួយក្រុមបាតុករ ដោយស្នើឱ្យពួកគេដកថយពីតំបន់ផ្លូវរ៉ាម៉ា៤។ ការចរចានេះបានជួយកាត់បន្ថយការកកស្ទះចរាចរណ៍មួយចំនួន ប៉ុន្តែនៅពេលនោះ មិនទាន់ច្បាស់ថា តើបាតុករអាចចូលទៅដល់ទីតាំងប្រជុំបានឬយ៉ាងណានោះទេ។

បាតុកម្មនេះកើតឡើងក្នុងអំឡុងពេលដែលប្រទេសថៃកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំរបស់ IMF និងធនាគារពិភពលោក ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះប្រមូលផ្តុំមន្ត្រីហិរញ្ញវត្ថុ អភិបាលធនាគារកណ្តាល និងអ្នករៀបចំគោលនយោបាយមកពីប្រទេសជាច្រើនជុំវិញពិភពលោក។

ជាមួយគ្នានេះ សម្ព័ន្ធកសិករអន្តរជាតិ La Via Campesina ដែលមានសមាជិករាប់លាននាក់នៅទូទាំងពិភពលោក ក៏គ្រោងដឹកនាំបាតុកម្មប្រឆាំងនឹងកិច្ចប្រជុំនេះផងដែរ។ តាមសារព័ត៌មាន Khaosod សម្ព័ន្ធនេះគ្រោងដង្ហែក្បួនពីសួនលុមពីនី (Lumphini Park) ទៅកាន់មជ្ឈមណ្ឌលសន្និបាតជាតិម្ចាស់ក្សត្រីសិរិគិតិ នៅម៉ោង ៩ ព្រឹក ថ្ងៃសុក្រ ទី១៦ ខែតុលា។

រូបភាពពី Khaosod

សម្ព័ន្ធ La Via Campesina បានដាក់ចេញការទាមទារចំនួន ៦ ចំណុច រួមមាន ការលុបបំណុលសម្រាប់កសិករក្រីក្រ និងប្រជាពលរដ្ឋទូទៅ ការបង្កើនចំណូលរដ្ឋតាមរយៈការយកពន្ធលើក្រុមហ៊ុន និងអ្នកមានទ្រព្យសម្បត្តិច្រើន ព្រមទាំងការធ្វើឱ្យធនាគារកណ្តាលនៅទូទាំងពិភពលោកមានលក្ខណៈប្រជាធិបតេយ្យជាងមុន។

តំណាងសម្ព័ន្ធនេះបានលើកឡើងថា គោលនយោបាយរបស់ IMF និងធនាគារពិភពលោកបានប៉ះពាល់ដល់កសិករ និងប្រជាពលរដ្ឋក្រីក្រ ដោយជំរុញឱ្យមនុស្សមួយចំនួនធ្លាក់ក្នុងអន្ទាក់បំណុល និងបាត់បង់ដីធ្លី។ ពួកគេក៏រិះគន់គម្រោងអភិវឌ្ឍន៍មួយចំនួន ដែលពួកគេយល់ថា ផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មធំៗ ជាងសហគមន៍មូលដ្ឋាន ផងដែរ។

លោក Baramee Chaiyarat ទីប្រឹក្សានៃសមាគម Assembly of the Poor បានបញ្ជាក់ថា គោលបំណងរបស់ក្រុមអ្នកតវ៉ាមិនមែនដើម្បីបញ្ឈប់កិច្ចប្រជុំនោះទេ ប៉ុន្តែដើម្បីបង្ហាញការមិនពេញចិត្ត និងលើកឡើងពីផលប៉ះពាល់ដែលពួកគេជឿថា បណ្តាលមកពីគោលនយោបាយរបស់ស្ថាប័នទាំងពីរ។

ជាការឆ្លើយតបចំពោះការតវ៉ាដែលអាចកើតឡើង ប៉ូលិសក្រុងបាងកកបានដាក់បម្រាមលើការប្រមូលផ្តុំ និងសកម្មភាពដែលអាចរំខានដល់ប្រតិបត្តិការនៅជុំវិញទីតាំងសំខាន់ៗពាក់ព័ន្ធនឹងកិច្ចប្រជុំ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែតុលា។ តំបន់ដែលស្ថិតក្រោមវិធានការនេះរួមមាន មជ្ឈមណ្ឌលសន្និបាតជាតិម្ចាស់ក្សត្រី Queen Sirikit វេទិកា One Bangkok និងសណ្ឋាគារចំនួន ២២ ដែលទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិ។

ការតវ៉ានេះឆ្លុះបញ្ចាំងពីការរិះគន់របស់ក្រុមសង្គមស៊ីវិលចំពោះតួនាទីរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក្នុងការកំណត់គោលនយោបាយសេដ្ឋកិច្ច និងផលប៉ះពាល់របស់គោលនយោបាយទាំងនោះទៅលើកសិករ ប្រជាពលរដ្ឋក្រីក្រ និងសហគមន៍មូលដ្ឋាន៕

ប្រភព៖ The Nation និង Khaosod

អត្ថបទដែលជាប់ទាក់ទង