វៀតណាម ចាប់ខ្លួនមេអណ្តើក នាំបវរកញ្ញានិងតារាម៉ូដែល ទៅបម្រើសេវាផ្លូវភេទឲ្យភ្ញៀវ មួយយប់ ២០០០ដុល្លារ

វៀតណាម ចាប់ខ្លួនស្ត្រីពីរនាក់នៅទីក្រុងហូជីមិញ ជាមេអណ្តើកនាំស្រីស្អាតៗដូចជាបវរកញ្ញានិងតារាបង្ហាញម៉ូដទៅបម្រើសេវាផ្លូវភេទដល់ភ្ញៀវ ជាមួយតម្លៃរហូតដល់៥០លានដុង (២០០០ដុល្លារអាមេរិក) ក្នុងមួយយប់។
ប៉ូលិសនិយាយថា ស្រ្តីទាំងពីរឈ្មោះ Ho Thi Hanh និង Dau Thi Lien បានទទួលចំណែក៣០% នៃប្រាក់ដែលភ្ញៀវផ្តល់ឲ្យស្ត្រីរកស៊ីផ្លូវភេទ ដែលពួកគេទាក់ទងបាន។ ប៉ូលិសបានរកឃើញក្រុមផ្សាយពាណិជ្ជកម្មនៃសេវាកម្មរបស់ខ្លួនតាមអ៊ីនធឺណិត ហើយឆ្មក់ចូលសណ្ឋាគារមួយនៅផ្លូវ To Hien Thanh ក្នុងសង្កាត់ទី១០ កាលពីចុងខែធ្នូ ហើយចាប់បានស្ត្រីពីរនាក់ ពីក្រុមនេះ។

ក្នុងចំណោមអ្នកដែលចាប់ខ្លួនបាន គឺមានស្ត្រីម្នាក់អាយុ២៧ឆ្នាំ ជាបវរកញ្ញាវៀតណាម រីឯម្នាក់ទៀតអាយុ២៣ឆ្នាំជាតារាបង្ហាញម៉ូដរូបថត។

លើសពីនេះ ក្នុងសណ្ឋាគារមួយទៀតនៅផ្លូវ Tran Hung Dao សង្កាត់ទី៥ ប៉ូលិសចាប់បាននារីជានិស្សិតមហាវិទ្យាល័យម្នាក់ និងតារាម៉ូដែលតាមបណ្តាញសង្គមម្នាក់ ដែលបានបម្រើអតិថិជនក្នុងម្នាក់តម្លៃ១៤លានដុង។
ការស៊ើបអង្កេតរកឃើញថា Hanh បានតាំងខ្លួននារីជោគជ័យម្នាក់នៅលើបណ្តាញសង្គម ដោយបង្ហោះរូបថតខ្លួនធ្វើដំណើរទៅកន្លែងល្បីៗ និងការដើរទិញទំនិញមានតម្លៃថ្លៃៗ។ បន្ទាប់មក នាងបានល្បួងស្ត្រីឲ្យចូលក្រុម ដើម្បីរកលុយបានលឿនដូចនាង។

តាមការរកឃើញ Hanh និង Lien កំពុងគ្រប់គ្រងនារីវ័យក្មេងជាង ៣០ នាក់ រួមទាំងបវរកញ្ញា និងតារាសម្ដែងផងដែរ។ មិនត្រឹមប៉ុណ្ណឹង អ្នកទាំងពីរក៏បានផ្តល់សេវាផ្លូវភេទខ្លួនឯងទៀតផង។
ប៉ូលិសក្រុងហូជីមិញ បានបង្កើនការវាយឆ្មក់ប្រឆាំងសកម្មភាពឧក្រិដ្ឋកម្ម នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ដោយបង្រ្កាបបានក្រុមពេស្យាចារជាបន្តបន្ទាប់ រួមទាំងក្រុមមួយដែលគ្រប់គ្រងដោយប្រធានក្រុមអាកាសចរណ៍ និងក្រុមមួយទៀតដែលគ្រប់គ្រងដោយភោជនីយដ្ឋានចិន ផ្តោតលើអតិថិជនបរទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង