ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ៥ខ្នង សរុប ៥៥បន្ទប់រៀន នៅខេត្តកំពង់ធំ
កំពង់ធំ៖ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ៥ខ្នង សរុប ៥៥បន្ទប់រៀន។ ពិធីនេះប្រារព្ធធ្វើក្នុងវិទ្យាល័យទ្រៀល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
ខេត្តកំពង់ធំមានសាលារៀនចំណេះទូទៅ និងមត្តេយ្យសិក្សាសាធារណៈ ចំនួន ៦០៦កន្លែង ក្នុងនោះ សាលាមត្តេយ្យសិក្សា ១៤កន្លែង(ថ្នាក់មត្តេយ្យក្នុងបឋមសិក្សាមានចំនួន ២០២កន្លែង) សាលាបឋមសិក្សាចំនួន ៥០០កន្លែង អនុវិទ្យាល័យ ៦៧កន្លែង វិទ្យាល័យ ២៥កន្លែង (នៅក្នុងនោះមានវិទ្យាល័យ ធនធានចំនួន ០៣កន្លែង និងវិទ្យាល័យបច្ចេកទេសចំនួន ០១កន្លែង)។
អគារសិក្សាសរុប ១.២២៣ខ្នង ស្មើនឹង ៥.២២៩បន្ទប់ ទីចាត់ការ ៤៩ខ្នង ស្នើនឹង ១១៨បន្ទប់ បណ្ណាល័យ ៧៧ខ្នង ស្មើនឹង ៩៦បន្ទប់ និងបង្គន់អនាម័យ ១.២៩៩ខ្នង ស្មើនឹង ៤.០៨០បន្ទប់ ក្នុងនោះ អគារសិក្សា និងអគារផ្សេងៗបម្រើដល់វិស័យអប់រំ ដែលឧបត្ថម្ភដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានចំនួន ២១០ខ្នង ស្មើនឹង ១.១៨៥បន្ទប់។
អគារសិក្សាសាងសង់ឆ្នាំ២០២៥-២០២៦ ផ្តល់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមការស្នើសុំអំឡុងពេល សម្តេចធិបតី អញ្ជើញមកបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ និងអគារសិក្សាផ្តល់ដោយ លោកជំទាវបណ្ឌិត មានសរុបចំនួន ០៦ខ្នង ស្មើនឹង ៣៩បន្ទប់ ក្នុងនោះមាន សាលាបឋមសិក្សាហ៊ុនសែនគ្រើលអណ្តូងពោធិ៍ ០១ខ្នង ០៦បន្ទប់ សាលាបឋមសិក្សាអូរកន្ធរត្បូង ០១ខ្នង ០៦បន្ទប់ បឋមសិក្សាត្រពាំងវែង ០១ខ្នង ០៦បន្ទប់ នៅក្នុងក្រុងស្ទឹងសែន និងសាលាបឋមសិក្សានីពេជ ០១ខ្នង ០៦បន្ទប់ សាលាបឋមសិក្សាមហរ ០១ខ្នង ០៥បន្ទប់ បឋមសិក្សាព្រៃគុយ ០១ខ្នង ០៦បន្ទប់ នៅក្នុងស្រុកកំពង់ស្វាយ។
ដោយឡែក ក្រោមគម្រោង “ទាំងអស់គ្នាដើម្បីការអប់រំ” សមាគមឧកញ៉ាកម្ពុជាដែលដឹកនាំដោយ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានផ្តល់អគារសិក្សាចំនួន ០៥ខ្នង ស្មើនឹង ៥៥បន្ទប់ ក្នុងនោះមានវិទ្យាល័យទ្រៀល ០១ខ្នង កម្ពស់៣ជាន់ ៣០បន្ទប់ សាលាបឋមសិក្សាកកោះ ០១ខ្នង កម្ពស់២ជាន់ ១០បន្ទប់ សាលាបឋមសិក្សាជាន់លែងភូមិថ្មី ០១ខ្នង ០៥បន្ទប់ សាលាបឋមសិក្សាហ៊ុនសែនឈូកជីព្រះ ០១ខ្នង ០៥បន្ទប់ និងសាលាបឋមសិក្សាអូរសំបួរ ០១ខ្នង ០៥បន្ទប់។
អគារសិក្សាទាំង ៥ខ្នង ដែលបំពាក់សម្ភារៈសិក្សា តុ កៅអី និងក្តារឃៀន នេះត្រូវបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងចំណាយរយៈពេល១១ខែ ប្រើប្រាស់ថវិកាចំនួន ១.៤៤១.៥៦១ដុល្លារអាម៉េរិក។
ក្រៅពីសំណង់អគារសិក្សាថ្មីនេះ សមាគមឧកញ៉ាកម្ពុជាក៏បានឧបត្ថម្ភជួសជុលអគារចាស់ កែលម្អទីធ្លា សាងសង់ខ្លោងទ្វារ ផ្លូវបេតុង ផ្តល់សម្ភារៈសិក្សាផ្សេងៗ ដោយចំណាយថវិកា ៥៤៥.២៩៧ដុល្លារអាម៉េរិកផងដែរ៕

