នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ចុះបង្ក្រាបហាងផឹកស៊ី និង KTV ពីរទីតាំងក្បែរគ្នា ឃាត់ខ្លួនមនុស្សប្រុស-ស្រីច្រើននាក់
កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្មក់ចុះបង្ក្រាបទីតាំងហាងផឹកស៊ី និងខារ៉ាអូខេ ចំនួនពីរទីតាំងក្បែរគ្នាដែលសង្ស័យមានបង្កប់សេវាកម្មផ្លូវភេទ និងប្រើប្រាស់ពលកម្មលើនារីមិនទាន់គ្រប់អាយុ ដោយបានឃាត់ខ្លួនមនុស្សប្រុស-ស្រីជាច្រើននាក់។

យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលជំនាញបានឱ្យដឹងថា ប្រតិបត្តិការឆ្មក់បង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងចាក់សំរាមចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទីតាំងដែលសមត្ថកិច្ចបានបង្ក្រាបនោះ គឺមានយីហោ «គោដុត រិទ្ធ វិទូ» និង «ឃ្លាំង ខារ៉ាអូខេ»។

ប្រភពដដែលបានបន្តថា ផ្អែកលើការស្រាវជ្រាវ និងការសង្ស័យថាទីតាំងទាំងពីរនេះមានបង្កប់សេវាកម្មផ្លូវភេទ ព្រមទាំងមាននារីរងគ្រោះជាអនីតិជន (មិនទាន់គ្រប់អាយុ) បម្រើការងារនៅទីនោះ ទើបសមត្ថកិច្ចសម្រេចបើកប្រតិបត្តិការល្បាត និងចុះឆ្មក់បង្ក្រាបភ្លាមៗតែម្តង។

ក្រោយបញ្ចប់ប្រតិបត្តិការ កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននាំខ្លួនមនុស្សប្រុស-ស្រីទាំងអស់ដែលត្រូវបានឃាត់ខ្លួន ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសាកសួរ ដើម្បីបន្តនីតិវិធីច្បាប់៕




