កម្ពុជា-បារាំង នឹងចុះកិច្ចព្រមព្រៀងលើវិស័យការពារជាតិ ក្នុងពេលលោក ម៉ាក្រុង បំពេញទស្សនកិច្ចនៅកម្ពុជាចុងសប្ដាហ៍នេះ

រដ្ឋាភិបាលកម្ពុជា និងបារាំង នឹងចុះកិច្ចព្រមព្រៀងលើវិស័យការពារជាតិ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ក្នុងពេលប្រធានាធិបតីបារាំង លោក អេម៉ានុយអែល  ម៉ាក្រុង និងស្ត្រីទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របពេលនៃការចូលរួមកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនីលើកទី ២០។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង មកកាន់កម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

តាមរយៈសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃទី៩ ខែវិច្ឆិកា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គូសបញ្ជាក់ថា៖«ក្នុងឱកាសដំណើរទស្សនកិច្ចនេះ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារកិច្ចសហ ប្រតិបត្តិការមួយចំនួន ពាក់ព័ន្ធវិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិ។ ទាំងនេះនឹងផ្តល់នូវកាលានុវត្តភាពក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណី បើកទំព័រសករាជថ្មី នៃទំនាក់ទំនងកម្ពុជា-បារាំង និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ »។

បើតាមក្រសួងការបរទេស ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។ លោក ម៉ាក្រុង ក៏ នឹងជួបប្រជុំជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ ទន្ទឹមនេះ ប្រធានាធិបតី នឹងអញ្ជើញចូលរួម ជាអធិបតីជាមួយ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបិទ បញ្ចប់គម្រោងកែលម្អប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប។

ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង មក កម្ពុជានេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលជាទស្សនកិច្ចផ្លូវរដ្ឋដំបូងបំផុត បន្ទាប់ពីទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ ប្រធានាធិបតី ហ្សាល ដឺហ្គោល មកកាន់កម្ពុជា កាលពីឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់ ប្រធានាធិបតី ហ្វ្រង់ស្វ័រ មីតេរ៉ង់ មកកាន់កម្ពុជានៅឆ្នាំ១៩៩៣៕

អត្ថបទដែលជាប់ទាក់ទង