អាជ្ញាធរខណ្ឌ៧មករា ប្រើរថយន្តបាញ់ទឹកនៅតាមសាលារៀន ដើម្បីកាត់បន្ថយរលកកម្តៅ ជូនសិស្សានុសិស្ស

រាជធានីភ្នំពេញ៖ ខណៈបច្ចុប្បន្ន កត្តាអាកាសធាតុហាក់មានការឡើងកម្តៅខ្លាំងគួរឱ្យកត់សម្គាល់ផងនោះ អាជ្ញាធរ​ខណ្ឌ​៧មករា ដឹកនាំដោយលោកថេង សុថុល អភិបាលខណ្ឌ បានយកចិត្ត​ទុក​ដាក់​ក្នុង​ការ​ប្រើ​ប្រាស់​រថយន្ត​បាញ់ទឹក ដោយបាញ់នៅក្នុងបរិវេណបណ្តាសាលាបឋមសិក្សា ក្នុងមូលដ្ឋាន​របស់​ខ្លួន​ ដើម្បីជាការចូលរួមចំណែកកាត់បន្ថយរលកកម្តៅ ដែលជាផ្នែកមួយប៉ះពាល់ដល់សុខភាព និង​ការ​រៀនសូត្ររបស់ក្មួយៗជាសិស្សាតូចៗ នៅតាមសាលារៀន ។

លោក កេត ឧត្តម អភិបាលរងខណ្ឌ៧មករា តំណាងលោកថេង សុថុល អភិបាល​ខណ្ឌ​បាន​ឱ្យ​ដឹង​ថា ដោយសារតែកត្តាអាកាសធាតុ នៅរាជធានីភ្នំពេញក្នុងមួយរយះពេលក្រោយមកនេះ មាន​ការ​ឡើង​កម្តៅរហូតដល់៤០អង្សារ ដែលជាកត្តាព្រួយបារម្ភមួយ ទើបរដ្ឋបាលខណ្ឌ បានរៀប​ចំ​រថយន្ត​ក្នុង​ការចុះបាញ់ទឹកដល់សាលាបឋមសិក្សាចំនួន០២ គឺសាលាបឋម​សិក្សា​បាក់​ទូក និង​សាលា​បឋម​សិក្សាវត្តព្រះពុទ្ធមានបុណ្យ ។

លោកអភិបាលរង បន្ថែមថា ការចុះបាញ់ទឹកនេះ គឺធ្វើឡើងរៀងរាល់២ថ្ងៃម្តង ឬអាច​ក៏​បត់​បែន​តាម​ភាព​ជាក់ស្តែង នៃអាកាសធាតុ បើធាតុអាកាសនៅតែក្តៅខ្លាំង អាជ្ញាធរអាច​ចុះបា​ញ់​ទឹក​ជា​ប្រចាំ​ផង​ដែរ រហូតអាកាសធាតុវិលទៅរកភាពប្រក្រតីឡើងវិញ ។

លោក សុខ គឹមសួគ៌ នាយកសាលាបឋមសិក្សារបាក់ទូក មានក្តីសប្បាយរីករាយ ចំពោះ​ការ​គិតគូរ​រ​​បស់​រដ្ឋបាលខណ្ឌមកតាមសាលាបឋមសិក្សា ដែលមានសិស្សតូចៗជាច្រើនកំពុងរៀនសូត្រ ។ ក្នុ​ង​ស្ថានភាពអាកាសឡើងកម្តៅនេះដែរ ក្នុងនាមនាយកគ្រប់គ្រងសាលា លោក​ក៏​បាន​ណែ​នាំ​ដល់​សិស្ស​ញុំាទឹ​កឱ្យបានច្រើនគ្រប់គ្រាន់ និងជ្រកក្រោមម្លប់ ឬកន្លែងដែលមានភាពត្រជាក់ មានខ្យល់​អាកាស​ចេញ​ចូលផងដែរ បង្ការការរងឥទ្ធិពលកម្តៅព្រះអាទិត្រ អាចបណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខ​ភាព​ផង​ដែរ។

គួរបញ្ជាក់ថា កត្តាអាកាសធាតុក្នុងពេល១ខែក្រោយមកនេះ មានសីតុណ្ហភាពកើនឡើងខ្លាំង ដែល​បាន​បង្កជាក្តីព្រួយបារម្ភខ្ពស់មួយសម្រាប់ប្រជាពលរដ្ឋ នៅតាមតំបន់ ឬភូមិសាស្ត្រ​នីមួយៗ​ដែល​បាន​ទទួលរងឥទ្ធិពលកម្តៅនេះ ពិសេសពលរដ្ឋនៅរាជធានីភ្នំពេញតែម្តង ព្រោះនៅ​ពេល​សីតុណ្ហភាព​ក្តៅ​បែបនេះ វាប្រាកដជាអាចប៉ះពាល់ខ្លាំងទៅដល់សុខុមាលភាពរបស់មនុស្ស៕

អត្ថបទដែលជាប់ទាក់ទង