ជីវប្រវត្តិសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នាំពុទ្ធសាសនាឱ្យរស់រានឡើងវិញ ក្រោយសម័យសង្គ្រាម
កាលពីវេលាម៉ោង ៥:៤០ នាទីល្ងាច ថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា ដោយព្រះជរាពាធនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ដំណឹងដ៏សោកសៅនេះនាំឱ្យប្រជានុរាស្ត្រខ្មែរគ្រប់រូបមានសេចក្តីសោកសង្រេងជាពន់ពេក។
យ៉ាងណាមិញ បើក្រឡេកទៅមើលពីជីវប្រវត្តិរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស វិញ ពិតជាធ្វើឱ្យមហាជនខ្មែរមានសេចក្តីកោតស្ញប់ស្ញែងក្រៃលែង ព្រោះវត្តមានរបស់សម្តេចបាននាំឱ្យវិស័យពុទ្ធសាសនានៅកម្ពុជាមានការរស់រានឡើងវិញ ក្រោយសង្គ្រាមប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យឆ្នាំ ១៩៧៥ ដល់ ១៩៧៩។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ទ្រង់ប្រសូតនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ១៩៣២ នាភូមិត្រពាំងឈូក ឃុំជ្រាវ ស្រុកសៀមរាប ខេត្តសៀមរាប។ ទ្រង់មានព្រះបិតានាម ទេព ឈិត និង មាតានាម ប៉ិច អាត់។
បើរំឭកកាលពីនៅព្រះជន្មាយុ ១៦ វស្សា ក្នុងឆ្នាំកុរ នព្វស័ក ព.ស.២៤៩១ គ.ស.១៩៤៧ សម្ដេចបានបួសជាសាមណេរក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ព្រះសមុហ៍គណ ហ៊ីង ម៉ៅ និង ជាព្រះចៅអធិការវត្តរាជបូព៌ ខេត្តសៀមរាប។ ការបួសជាសាមណេរនេះបានត្រឹមតែ ៩ ខែទេ ព្រះអង្គក៏សូមលាចាកសិក្ខាបទមករកស៊ីចិញ្ចឹមព្រះមាតាវិញ។ បន្ទាប់មកនៅឆ្នាំរោង ចត្វាស័ក ព.ស.២៤៩៦ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ១៩៥២ នៅពេលដែលមានព្រះជន្ម ២១ វស្សា សម្ដេចបានបំពេញឧបសម្បទាជាភិក្ខុក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះសមុហ៍គណ ហ៊ីង ម៉ៅ នាម្បញ្ញត្តិពុទ្ធសរ ក្នុងព័ទ្ធសីមាវត្តរាជបូព៌ ដោយមានព្រះគ្រូសូត្រស្ដាំ តន់ លុយ ពុទ្ធត្ថេរ ជាកម្មវាចា និង លោកគ្រូសូត្រឆ្វេង ថាត់ បិត ឥន្ទជាតិ ជាអនុសុវណ្ណាចារ្យ និង ឧបសម្បទាកម្មជាតិភិក្ខុភាវៈ ខេត្តសៀមរាប។
ក្រោយមកទៀត ក្នុងព្រះជន្មបាន ២៥ វស្សា នៅឆ្នាំវក ព.ស.២៥០០ គ.ស.១៩៥៦ ព្រះគ្រូសមុហ៍គណ ហ៊ីង ម៉ៅ បានតែងតាំងភិក្ខុ ទេព វង្ស ឱ្យធ្វើជាគ្រូសូត្រជំនួយការ ហើយចាប់ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ នៅក្នុងសម័យខ្មែរក្រហម សម្ដេចត្រូវបានគេបង្ខំឱ្យសឹក និង ត្រូវបានគេធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរដូចប្រជាជនស្លូតត្រង់ខ្មែរដទៃទៀតដែរ។
ព្រះជន្មាយុបាន ៤៨ វស្សា នៅពេលប្រជាជនខ្មែរបានរួចផុតពីរបបខ្មែរក្រហម ព្រះអង្គបាននិមន្តបួសឡើងវិញ នៅថ្ងៃ ១៣ រោច ខែភទ្របទ ឆ្នាំមមែ ឯកស័ក ព.ស.២៥២៣ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ១៩៧៩ សម្ដេចបានបំពេញឧបសម្បទាឡើងវិញជាលើកទីពីរក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះនាម ឋិត សីលោ ក្នុងពុទ្ធសីមា វត្តឧណ្ណាលោម ក្រុងភ្នំពេញ។ ជាមួយគ្នានោះ ពេលបួសរួច ព្រះឧបជ្ឈាយ៍បានប្រកាសនៅក្នុងជំនុំសង្ឃថា ភិក្ខុ ទេព វង្ស ឱ្យឡើងឋានុក្រមមានឋានន្តរស័ក្ដិជាព្រះគ្រូវិន័យធរ។
យ៉ាងណាមិញ សម្រាប់តួនាទីព្រះអង្គគឺជាសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកបង្កើតគណៈសង្ឃកម្ពុជាឡើងវិញក្រោយសម័យកម្ពុជាប្រជាធិតេយ្យ។ ព្រះអង្គទទួលបានគោរម្យងារថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ដែលប្រោសប្រទានដោយព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និង បានទទួលព្រះរាជានុញ្ញាតពីសំណាក់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហមុនី ឱ្យប្រើរាជស័ព្ទ និង ផ្លិតយសពិសេសនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០០៦ មកម៉្លេះ៕