សមត្ថកិច្ចបានធ្វើកំណត់ហេតុដើម្បីបញ្ចប់រឿង និង កិច្ចសន្យារវាងអ្នកទាំងពីរ ហើយបានធ្វើការអប់រំណែនាំនារីនោះឲ្យឈប់ប្រឌិតរឿងបែបនេះតទៅមុខទៀត
នៅយប់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ពីការដោះស្រាយអំពីករណីក្មេងស្រីដែលបានអះអាងថាមានអាយុ ១៣ ឆ្នាំ មានផ្ទៃពោះត្រូវបានបុរសដែលមានឈ្មោះ ខ្លាកំពត (ឈ្មោះក្នុងបណ្តាញសង្គម Facebook) បោះបង់ចោល និង មិនមានទំនួលខុសត្រូវជាមួយខ្លួន។
ក្រោយពីការជួបដោះស្រាយនូវបញ្ហានេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានជម្រាបជូនសាវតានៃរឿងដូចខាងក្រោម ៖
១. នៅពេលទទួលបានព័ត៌មាននេះសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និង ដោយមានការឯកភាពពីឯកឧត្តម ព្រះរាជអាជ្ញា បានអញ្ជើញភាគីខាងបុរសមកអធិការក្រុងកំពតដើម្បីសាកសួរ ពីព្រោះពាក់ពន្ធ័ និង ការរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ។
២. បានធ្វើការទំនាក់ទំនងជាមួយនារីរងគ្រោះ និង ធ្វើការស្រាវជ្រាវរកសាវតាពិតប្រាកដ ជាក់ស្តែងនារីនោះមិនមែនអាយុ ១៣ ឆ្នាំនោះទេ។ កំណើតកើតថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០០០ យោងតាមសំបុត្រកំណើតរបស់កូនជាមួយប្តីមុន។
៣. បានធ្វើការសម្របសម្រួលអ្នកទាំងពីរឲ្យត្រូវរ៉ូវគ្នាវិញ ហើយភាគីខាងបុរសក៏មិនបានបោះបង់ចោលនារីនោះដែរ នារីនោះទេដែលតែងតែរត់ទៅផ្ទះនៅឯស្រុកកំណើត។
៤. នារីនោះគាត់បានប្រឌិតថាគាត់មានអាយុ ១៣ ឆ្នាំ ក៏ព្រោះតែមិនមានថវិកាដើម្បីត្រៀមសម្រាលកូន និង សង្ឃឹមថានឹងមានអង្គការ និង សប្បុរសជនផ្សេងៗជួយដើម្បីសម្រាលបន្ទុកគាត់នៅពេលសម្រាលកូននៅពេលខាងមុខ។
៥. លទ្ធផលចុងក្រោយគឺភាគីខាងបុរស ព្រមទាំងម្តាយព្រមទទួលរ៉ាប់រង និង ទទួលស្គាល់នារីនោះជាកូនប្រសា ក៏ប៉ុន្តែនារីនោះមិនព្រមផ្សះផ្សាជាមួយបុរសនោះតទៅមុខទៀតទេ ហើយក៏មិនទទួលការទំនុកបម្រុងអ្វីទាំងអស់ពីខាងបុរសដែលត្រូវបានចោទប្រកាន់ពីខាងលើ។
ជាចុងក្រោយ សមត្ថកិច្ចបានធ្វើកំណត់ហេតុដើម្បីបញ្ចប់រឿង និង កិច្ចសន្យារវាងអ្នកទាំងពីរ ហើយបានធ្វើការអប់រំណែនាំនារីនោះឲ្យឈប់ប្រឌិតរឿងបែបនេះតទៅមុខទៀត៕