នៅភ្នំពេញ និង ខេត្តទាំងនេះ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់ ៣ ថ្ងៃជាប់គ្នា
ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យបានដឹងថា សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និង សមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៤ មានលក្ខណៈដូចតទៅ ៖
១. តំបន់វាលទំនាប
– សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់ មកពីទិសបស្ចិម និង ទិសនិរតី មានល្បឿនមធ្យម ២,៥ ម៉ែត្រ/វិនាទី។ ខេត្តសៀមរាប បន្ទាយ មានជ័យ ឧត្តរមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ធំ កណ្តាល និង រាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់បោកបក់ គ្របដណ្តប់លើផ្ទៃដីប្រមាណពី ៥%-១០%។
២. តំបន់ខ្ពង់រាប
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់ មកពីទិសបស្ចិម និង ទិសទក្សិណ មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ចាម ត្បូងឃ្មុំ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង ខ្យល់ បោកបក់ គ្របដណ្តប់លើផ្ទៃដីប្រមាណពី៥%-២០%។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿនមធ្យម ៣,៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត និង កែបអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់បោកបក់ គ្របដណ្តប់លើផ្ទៃដីប្រមាណពី ១០%-៣០%។
– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១,០០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ៕
សូមអានសេចក្ដីម្អិតនៅខាងក្រោម ៖