ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» លើកទី៨
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» លើកទី៨ ដែលនឹងធ្វើឡើងនៅទីលានវាយកូនគោល ឈុន អូន ហ្គហ្វ រីសត។
ការប្រកួតកីឡាវាយកូនគោលដណ្តើម «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលឆ្នាំ២០២៤នេះ មានរយៈពេល ២៦ឆ្នាំហើយ។ សម្រាប់ការប្រកួតឆ្នាំនេះ ក៏ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ ដែលរាជរដ្ឋាភិបាលបានកំណត់ជាថ្ងៃ បុណ្យជាតិផ្លូវការ ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់គុណតម្លៃនៃសន្តិភាព ការរក្សាវប្បធម៌សន្តិភាព ការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម ព្រមទាំងជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាពនិងឯកភាពជាតិពេញលេញ ដោយនយោបាយ ឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
កម្ពុជា ជាប្រទេសដែលធ្លាប់ញាំញីដោយភ្លើងសង្គ្រាមប្រមាណ៣ទសវត្សរ៍ កុំថាឡើយការលេងកីឡាវាយកូនហ្គោល ដែលជាប្រភេទកីឡារបស់អភិជននោះ សូម្បីតែការប្រកួតកីឡាទូទៅក៏មិនអាចធ្វើបាននោះដែរ។ ២៦ឆ្នាំដែលកម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង បានធ្វើឱ្យកម្ពុជាមានឱកាសពេញលេញក្នុងការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ រួមទាំងវិស័យកីឡាផងដែរ។ វិស័យកីឡារបស់កម្ពុជា មិនត្រឹមមានការអភិវឌ្ឍសមត្ថភាពកីឡាករ ឬអត្តពលិកប៉ុណ្ណោះទេ តែបច្ចុប្បន្នកម្ពុជា ក៏មានសមត្ថភាពអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការប្រកួតកីឡា ហើយក៏មានសមត្ថភាពទៅរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានានានៅកម្ពុជាថែមទៀតផង។
ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់សម្តេចតេជោ មិនត្រឹមតែអបអរដល់សុខសន្តិភាពដែលកំពុងមានប៉ុណ្ណោះទេ តែក៏ជាសារបង្ហាញពីគុណតម្លៃនៃសុខសន្តិភាពផងដែរ។ សុខសន្តិភាពធ្វើឱ្យកម្ពុជា មានឱកាសកសាងសង្គមឱ្យកាន់តែរីកចម្រើន ហើយក៏មានឱកាសកូន អ្នកវិនិយោគជាកូនខ្មែរ អាចសាងសង់ទីលានវាយកូលគោលតម្លៃរាប់រយលានដុល្លារ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់អ្នកចូលចិត្តលេងកូនគោលផងដែរ។
ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ក៏ជាការបង្កើតបរិយាកាសរឹតចំណង មេត្រីភាព សាមគ្គីភាព រវាងអ្នកលេងកីឡាវាយកូនគោល។ កីឡាករដែលចូលរួមប្រកួតនេះជាឥស្សរជននយោបាយជាន់ខ្ពស់ជាសមាជិកឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំមកពីតាមបណ្តាក្រសួង ស្ថាប័ននានារបស់រដ្ឋ អភិបាលខេត្ត និងកីឡាករវាយកូនគោលជម្រើសជាតិមួយចំនួនទៀត៕