បច្ចេកវិទ្យា AI វាគ្រោះថ្នាក់ ឬក៏មិនគ្រោះថ្នាក់ អាស្រ័យទៅលើមនុស្សជាអ្នកប្រើ
(ភ្នំពេញ)៖ បច្ចេកវិទ្យា AI ឬក៏បច្ចេកវិទ្យាឌីជីថល តាមទូរស័ព្ទដៃក្ដី វាគ្រោះថ្នាក់ ឬក៏មិនគ្រោះថ្នាក់ វាអាស្រ័យទៅលើមនុស្សជាអ្នកប្រើ ហើយក្នុងនោះ តួរអង្គអ្នកសារព័ត៌មាន គឺជាតួរអង្គសំខាន់ នៅក្នុងការធានា និងជួយទប់ធ្វើយ៉ាងម្ដេច កុំឲ្យ AI ក្លាយទៅជាគ្រោះថ្នាក់ដល់សង្គមជាតិ ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន លើកទី៧ និងពិសាអាហារសាមគ្គី នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានចូលរួម ប្រមាណ ៥ ០០០នាក់ ។
សម្តេចធិបតី បានលើកឡើងថា បច្ចេកវិទ្យា AI បច្ចេកទេសផ្សេងៗ វាជាឧបករណ៍ ខ្លួនវាមិនអាចទៅធ្វើអាក្រក់បានទេ វាអាស្រ័យទៅលើមនុស្ស អ្នកប្រើវា ចឹងចាំបាច់វានៅតែជាកត្ដាមនុស្ស ជាអ្នកកំណត់ ។
សម្តេចធិបតី បានបន្តថា ការពង្រឹងនូវអភិក្រម ពង្រឹងនូវក្រមសីលធម៌ និងការទទួលខុសត្រូវ របស់អ្នកចែកចាយព័ត៌មាន នៅតែជាគន្លឹះ ក្នុងការគ្រប់គ្រងបច្ចេកវិទ្យាទាំងអស់នេះ។ សម្តេច ថា អាវុធទំនើបយ៉ាងម្ដេចក៏ដោយ ក៏មិនអាចសម្លាប់មនុស្សបានដែរ មានតែមនុស្សទេ ដែលស ម្រេចចិត្ដបាញ់គ្នា ឬមួយក៏បង្កើតសង្គ្រាម ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា បណ្តាញសង្គមដើរតួនាទី កាន់តែសំខាន់ ក្នុងការបើកឱកាស ឱ្យពលរដ្ឋលើកបង្ហាញភាពអសកម្មនៃការដឹកនាំរដ្ឋ។ សម្តេចមើលឃើញថា ការផ្សព្វផ្សាយរូបភាពគ្រោះថ្នាក់ចរាចរ ត្រូវបានកាត់បន្ថយ ជាការបង្ហាញភាពចាស់ទុំ ផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា សង្គមស៊ីវិល័យ ជាការយល់ដឹងខ្ពស់ ការគោរពគ្នាខ្ពស់ សីលធម៌ខ្ពស់ មិនមែនជាសង្គម ដែលមានលុយច្រើននោះទេ។ មានលុយទិញ ឡានថ្លៃជិះ តែខ្វះសីលធម៌ លើការបើកបរជាមនុស្សព្រៃ។ សម្តេចបានថ្លែងថា គ្មាននរណាស្រឡាញ់ និងថែរក្សាអាជីពសារព័ត៌មានខ្លាំង ជាងអ្នកសារព័ត៌មាននោះទេ ៕